Ad Code

រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​១​គ្រឿង​ ត្រូវ​កម្លាំង​បរិស្ថាន​បង្ក្រាប​ សង្ស័យ​មិនបាន​បង់លុយ នៅ​ស្រុក​លំផាត់



រតនគីរី​ ៖ ​រថយន្ត​សាំ​យ៉ុង ដឹកឈើ​១​គ្រឿង ត្រូវ​បាន​កម្លាំង​បរិស្ថាន​ធ្វើការ បង្ក្រាប​ ហើយ​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង ពី​មន្ត្រី​បរិស្ថាន​នៅ ទីនោះ​សុំ​មិន​បង្ហាញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម រថយន្ត​ដឹកឈើ ក្រុម​ឈ្មួញ ជាច្រើន ដែល​មក​សាង​ឈើ​ស្តុក​ដាក់​លើ​រថយន្ត នៅ​ត្រង់ចំណុច វាល​ថ្ម ដែនជម្រកសត្វព្រៃ​លំផាត់ និង​តាម​ផ្ទះ​ក្រុម​សាច់ញាតិ របស់​មន្ត្រី​បរិស្ថាន​ដែល​សាងសង់​នៅលើ​ផ្ទៃដី​ដែន អភិរក្ស​ការពារ​សត្វព្រៃ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧៦ តែ​អកុសល​​រថយន្ត​១ គ្រឿង នេះ​ក៏​ត្រូវបាន​បង្ក្រាប​ភ្លាមៗ​តែម្តង។

​ជាក់ស្តែង​កាលពី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក ធី​ម វិចិត្រ ប្រធាន​ស្នាក់ការ ដែន ជម្រក​សត្វព្រៃ​លំផាត់ បាន​ឲ្យ​ដឹងថា ករណី​ចាប់ រថយន្ត​ដឹកឈើ ល្មើសច្បាប់ ខាងលើនេះ​មិនមែន លោក ជា​អ្នក​បង្ក្រាប​នោះទេ គឺ កម្លាំង​សមត្ថកិច្ច​នៃ មន្ទីរ​បរិស្ថាន​ខេត្ត ជា​អ្នក​បង្ក្រាប ហើយ​យក​រថយន្ត ដែល​ផ្ទុក​បទល្មើស​នេះ​មក​ផ្ញើ​ប៉ុណ្ណោះ។

ទោះជា​ដូច្នេះ​ក្តី លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ បរិស្ថាន​ខេត្ត​រតនគីរី ពាក់ព័ន្ធ​ករណី​បង្ក្រាប​រថយន្ត ដឹក​បទល្មើស​ព្រៃឈើ​ខាងលើ លោក​បានបញ្ជាក់​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា នេះ ថា រថយន្ត​ដឹកឈើ ខាងលើនេះ កម្លាំង​របស់លោក បានធ្វើការ​បង្ក្រាប​កាលពី ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ មកម្ល៉េះ តែ​ពេលនេះ​លោក​កំពុង​ធ្វើឯកសារ​បញ្ជូនទៅ​តុលាការ ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។​

សូមបញ្ជាក់ថា រថយន្ត​សាំ​យ៉ុង​ដឹកឈើ​១​គ្រឿង​ខាងលើនេះ សង្ស័យ​មិនបាន​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​នោះ​ហើយ​មើលទៅ ? ទើបបានជា​ធ្វើការ​បង្ក្រាប​យ៉ាង​តក់ក្រហល់​បែបនេះ ប៉ុន្តែ​កន្លងមក​មាន​រថយន្ត​គ្រប់​ប្រភេទ​ជាច្រើន​គ្រឿង​បាន​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ទីស្នាក់ការ​បរិស្ថាន​នោះ​មិនបាន​ធ្វើការ​បង្ក្រាប​ឡើយ ដោយសារ​រថយន្ត​ទាំងនេះ​បាន​ចូល​បង់លុយ​គ្រប់​ចំនួន​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu