ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយកាលពីថ្ងៃសុក្រដើម្បីពង្រឹងការឆ្លើយតបរបស់ UN ចំពោះការប្រព្រឹត្តមិនត្រឹមត្រូវដោយកងរក្សាសន្តិភាពបន្ទាប់ពីមានការបរាជ័យជាបន្តបន្ទាប់ដោយក្រុមមួកខៀវក្នុងការការពារជនស៊ីវិល។
បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកំពុងប្រឈមនឹងរលកនៃការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទនិងការបរាជ័យក្នុងការផ្តល់ជំនួយដល់ជនស៊ីវិលដែលជាប់ក្នុងអំពើហិង្សាជាពិសេសនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងប្រទេសស៊ូដង់ខាងត្បូង។
សហរដ្ឋអាមេរិកបានបង្ហាញពីវិធានការនេះដើម្បីធ្វើឲ្យប្រសើរឡើងនូវការរក្សាសន្តិភាពប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំងដ៏ធំពីប្រទេសរុស្ស៊ីដែលបានមើលឃើញថា វាជាការគំរាមកំហែងដល់បណ្តាប្រទេសដែលរួមចំណែកកងទ័ព។
សេចក្តីសម្រេចនេះគឺដើម្បីពង្រឹងវិធានការនានាដូចជាការធ្វើមាតុភូមិនិវត្តន៍កងរក្សាសន្តិភាព ជំនួសអង្គភាពនិងកាត់បន្ថយការចំណាយរបស់អង្គការសហប្រជាជាតិសម្រាប់ទាហានដែលជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តមិនត្រឹមត្រូវ។
វិធានការនេះបាន “ស្វាគមន៍” ការស៊ើបអង្កេតពិសេសដែលបង្កើតឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលពិនិត្យមើលការបរាជ័យនៃការថែរក្សាសន្តិភាពនិងសង្កត់ធ្ងន់ថា ការរកឃើញនៃការស៊ើបអង្កេតទាំងនេះគួរតែមានតម្លាភាព។
អង្គការសហប្រជាជាតិមានកងរក្សាសន្តិភាពចំនួន៩៦,០០០នាក់ដែលកំពុងបម្រើការនៅក្នុងបេសកកម្មចំនួន១៤នៅទូទាំងពិភពលោក។
លោក Guterres បានប្តេជ្ញាថា UN នឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពានផ្លូវភេទដែលត្រូវបានប្រព្រឹត្តដោយក្រុមមួកខៀវហើយបានតែងតាំងអ្នកតស៊ូមតិរបស់ជនរងគ្រោះដើម្បីត្រួតពិនិត្យមើលអំពីការដោះស្រាយករណីនេះ។
អ្នកកាន់តំណែងមុនគឺលោក Ban Ki-moon បានចាត់វិធានការមិនធ្លាប់មានពីមុនមកដោយបណ្តេញមេបញ្ជាការបេសកកម្មនេះនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលពាក់ព័ន្ធការដោះស្រាយរបស់គាត់លើករណីរំលោភបំពានផ្លូវភេទនិងកំហុសវិជ្ជាជីវៈជាច្រើនដោយកងរក្សាសន្តិភាព៕ AFP
Source: Kampuchea Thmey Daily
0 Comments