លោក Donald Trump បានប្រឈមនឹងបញ្ហាថ្មីមួយចំពោះសិទ្ធិអំណាចរបស់លោកកាលពីថ្ងៃសុក្របន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា អគ្គមេធាវីរងរបស់លោកបានពិភាក្សាអំពីមធ្យោបាយបង្ខំលោកឲ្យចុះចេញពីតំណែងដោយសារតែការគ្មានសមត្ថភាពក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះនៃតំណែងជាប្រធានាធិបតីរបស់លោក។
នៅក្នុងបញ្ហាចុងក្រោយបំផុតដែលវាយប្រហាររដ្ឋបាលមានបញ្ហានេះ កាសែត New York Times និងកាសែត Washington Post បានរាយការណ៍ថា លោក Rod Rosenstein នៅក្នុងខែឧសភាឆ្នាំ២០១៧បានស្នើឲ្យថតខ្សែអាត់សំឡេងសម្ងាត់លើលោក Trump សម្រាប់ធ្វើជាភស្តុតាងនៃភាពមិនធម្មតារបស់សេតវិមានហើយប្រើវាដើម្បីដកគាត់ចេញពីអំណាច។
របាយការណ៍នេះបានបន្ថែមជាភស្តុតាងដែលបញ្ជាក់ថា មនុស្សជាច្រើននៅក្នុងរដ្ឋាភិបាលរបស់លោក Trump មានការសង្ស័យយ៉ាងខ្លាំងអំពីភាពរឹងមាំរបស់គាត់សម្រាប់ការកាន់តំណែង និងបានធ្វើការយ៉ាងសកម្មដើម្បីធ្វើឲ្យប៉ះពាល់ដល់រូបគាត់។
ក្នុងនាមជាមន្ត្រីក្រសួងយុត្តិធម៌លំដាប់លេខពីរ, លោក Rosenstein បានត្រួតពិនិត្យការស៊ើបអង្កេតអំពីថាតើយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦របស់លោក Trump បានឃុបឃិតជាមួយរុស្ស៊ីដើម្បីកម្ចាត់លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យដែរឬអត់។
របាយការណ៍របស់កាសែតទាំងពីរបានផ្អែកទាំងស្រុងលើកំណត់ហេតុសម្ងាត់របស់អតីតនាយក FBI មួយរូបដែលអ្នកខ្លះប៉ាន់ស្មានថាប្រហែលជាលេចធ្លាយដើម្បីបំផ្លាញលោក Rosenstein។
លោក Rosenstein បានចាត់ទុករបាយការណ៍នោះថា “មិនពិតប្រាកដនិងមិនត្រឹមត្រូវ”។
លោកបានបន្ថែមថា “ខ្ញុំមិនដែលស្វែងរកឬអនុញ្ញាតឲ្យថតសំឡេងប្រធានាធិបតីទេហើយការលើកឡើងណាមួយដែលថា ខ្ញុំធ្លាប់គាំទ្រចំពោះការដកប្រធានាធិបតីចេញនោះគឺមិនពិតទេ”។
ហើយក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍មួយរបស់អតីតមន្ត្រីជាន់ខ្ពស់មិនបញ្ចេញឈ្មោះម្នាក់ដែលនិយាយថា គាត់ស្ថិតនៅក្នុងបន្ទប់នាពេលនោះហើយលោក Rosenstein គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
អតីតមន្ត្រីរូបនេះបាននិយាយថា “សេចក្តីថ្លែងការណ៍នេះត្រូវបានគេនិយាយបំផ្លិចបំផ្លាញហើយមិនដែលត្រូវបានពិភាក្សាជាមួយនឹងចេតនានៃការថតសំឡេងលោកប្រធានាធិបតីទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments