Ad Code

ចិន​បើក​ស្ថានទូត​នៅ​សាធារណរដ្ឋ​ដូ​មី​និក ​បន្ទាប់ពី​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​តៃវ៉ាន់



បេសកជន​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​ចិន​ បាន​បើក​សម្ពោធ​ស្ថានទូត​ថ្មី​មួយ​នៅ​សាធារណរដ្ឋ​ដូ​មី​និក​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ប្រទេស​កា​រ៉ា​ប៊ី​ន​មួយ​នេះ​ បាន​កាត់ផ្តាច់​ចំណងទាក់ទង​ជាមួយ​កោះ​តៃវ៉ាន់​ ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​សម្ព័ន្ធមិត្ត​របស់​ប្រជាជាតិ​កោះ​អាស៊ី​មួយ​នេះ។

កោះ​តៃវ៉ាន់​ដែល​ប្រទេស​ចិន​អះអាងថា​ជា​របស់ខ្លួន​ឥឡូវនេះ​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ប្រទេស​ត្រឹមតែ​១៧​ប៉ុណ្ណោះ​ដែល​ស្ទើរតែ​ទាំង​អស់នៃ​ប្រទេស​ទាំងនោះ​គឺជា​ប្រជាជាតិ​តូចៗ​និង​មិនសូវ​អភិវឌ្ឍ​នៅ​តំបន់​អាមេរិក​កណ្តាល​និង​ប៉ាស៊ីហ្វិក​ដូចជា​ប្រទេស​បេ​លី​និង​ណេ​រុជា​ដើម​។​

អ្នកការទូត​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចិន​លោក Wang Yi បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថា “​យើង​បាន​មើលឃើញ​របកគំហើញ​ជា​ប្រវត្តិសាស្ត្រ​”​។​

រួមជាមួយ​ការសម្រេចចិត្ត​របស់​សាធារណរដ្ឋ​ដូ​មី​និក​កាលពី​ខែឧសភា ប្រទេស​ប៉ា​ណា​ម៉ា​និង​អែល​សាល់​វ៉ា​ឌ័​រ​ក៏បាន​ផ្លាស់ប្តូរ​ការទទួលស្គាល់​ទៅ​ទីក្រុង​ប៉េកាំង​ផងដែរ​កាលពី​ពីរ​ឆ្នាំមុន​។​

តៃវ៉ាន់​បាន​និយាយថា ប្រទេស​ចិន​បានផ្តល់​ឲ្យ​សាធារណរដ្ឋ​ដូ​មី​និក​នូវ​កញ្ចប់​ទឹកប្រាក់​ចំនួន​៣.១​ពាន់​លាន​ដុល្លារ​នៃ​ការវិនិយោគ​និង​ប្រាក់កម្ចី​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​កាត់​ផ្តាច់ទំនាក់ទំនង​បើទោះបីជា​ប្រទេស​ចិន​បាន​និយាយថា មិនមាន​លក្ខខណ្ឌ​សេដ្ឋកិច្ច​អ្វី​ក៏ដោយ​។​

លោក Wang បាន​និយាយថា សាធារណរដ្ឋ​ដូ​មី​និក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​នៅក្នុង​តំបន់​កា​រ៉ា​ប៊ី​ន​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ចំណងទាក់ទង​ផ្នែក​ការទូត​។​
​លោក​បាន​និយាយថា “​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​និង​ពង្រីក​ទីផ្សារ​របស់​ចិន​បាន​នាំមក​នូវ​ផលប្រយោជន៍​ពិតប្រាកដ​ដល់​សាធារណរដ្ឋ​ដូ​មី​និក​”​។​

លោក​បាន​បន្តថា “​សាធារណរដ្ឋ​ដូ​មី​និក​ដែល​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន​គឺ​មិន​ផ្តោត​គោលដៅ​លើ​ភាគី​ទី​បី​ណាមួយ​ទេ​ហើយ​មិន​ប៉ះពាល់​ដល់​គោលនយោបាយ​បរទេស​របស់​គ្នា​ទៅវិញទៅមក​ដែរ​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​ប្រពៃណី​និង​សិទ្ធិ​ស្របច្បាប់​របស់​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ឡើយ​”​។​

គួរ​បញ្ជាក់ថា លោក Wang ក៏​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស ហ្គូ​យ៉ាណា និង ស៊ូ​រី​ណា​ម ផងដែរ​មុនពេល​ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu