Ad Code

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បន្ត​ជំរុញ​ការ​កែលម្អ​គុណភាព​សេវា​សុខាភិបាល​នៅ​ទូទាំងប្រទេស



ភ្នំពេញ​ ៖​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់​នាយកដ្ឋាន ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ទាំងអស់​បន្ត​យកចិត្តទុកដាក់​និង​ជំរុញ​កិច្ចការ​កែលម្អ​គុណភាព​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ លោក​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​និង​ជំរុញ​ការងារ​កែលម្អ​គុណភាព​សេវា​ជា​បន្ត​ទៀត ព្រមទាំង​បាន​ណែនាំ​ដល់​សមាជិក​-​សមាជិកា​អង្គប្រជុំ​ទាំងអស់​ត្រូវ បន្ត​ការ​ខិតខំ​ក្នុង​ការ​ប្រតិបត្តិការ​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​សកម្ម​និង​យកចិត្តទុកដាក់​ជាង​មុន​ជូន​ដល់​ប្រជាពលរដ្ឋ​។​ ត្រូវ​ពង្រឹង​វិន័យ​ការងារ​និង​កែប្រែ​ទម្លាប់​ការងារ ដោយ​ផ្តើម​ចេញ​ពី​បុគ្គល​ម្នាក់ៗ ដើម្បី​ជំរុញ​ការកែលម្អ​គុណភាព​សេវា និង​ធានា​សេវា​២៤​ម៉ោង បន្ថែមទៀត ឲ្យ​បាន​គ្រប់​មូលដ្ឋាន​សុខាភិបាល​សាធារណ​។ ត្រូវ​ជំរុញ​ការអភិវឌ្ឍ​ន៍​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល ព្រមទាំង​យកចិត្តទុកដាក់​ក្នុងការ​ថែទាំ​និង​ជួសជុល​សម្ភារ​:-​បរិក្ខារ​ពេទ្យ ឲ្យ​បានល្អ​។

ទន្ទឹម​នឹង​នេះ​ លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង ​បាន​បញ្ជាក់​ថា ​ត្រូវ​ជំរុញ​ការ​ពង្រឹង​សមត្ថភាព​បច្ចេកទេស​ពេទ្យ​បន្ថែម​ដោយ​គិតពី​គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និង​សម​ធម៌ សម្រាប់​ការផ្តល់សេវា​សុខភាព​សា​ធារណ។​ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ការងារ​គ្រប់គ្រង​ឱសថ​-​បរិក្ខារ​ពេទ្យ បន្ថែម​ទៀត តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​និង​ជំរុញ​ការងារ​គ្រប់គ្រង​បុគ្គលិក និង​ហិរញ្ញវត្ថុ ឲ្យ​បាន​ល្អ​តាម​គោលការណ៍​ណែនាំ​បន្ថែម​ទៀត​។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​រដ្ឋមន្ត្រី បាន​ផ្សព្វផ្សាយ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា និង​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​និង​ក្នុងនាម​លោក​ផ្ទាល់ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បានផ្តល់​ទំនុកចិត្ត​និង​ការតែងតាំង​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​។

គួរ​បញ្ជាក់​ថា ​កន្លងមក​ក្រសួងសុខាភិបាល​បាន​បន្ដ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​និង​ពង្រីក​គ្រប់​សេវាកម្ម​ទាំង​អស់ទាំង​គុណភាព​ពិនិត្យ​ព្យាបាល​សម្ភារ​បរិក្ខារ​ពេទ្យ​និង​ហេដ្ឋារចនាសម្ព័ន្ធ ឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។

ក្រៅពី​នេះ​លោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​ជំរុញ​ឲ្យ​មន្ដ្រី​សុខាភិបាល គ្រូពេទ្យ​ទូទាំងប្រទេស ត្រូវ​បន្ដ​បង្កើន​ការ​យកចិត្តទុកដាក់​និង​ពង្រឹងពង្រីក​គុណភាព​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ការ​យកចិត្តទុកដាក់​ទៅលើ​សេវា​ព្យាបាល​ជំងឺ​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បង្កើន​នូវ​ភាពជឿជាក់​របស់​ប្រជាពលរដ្ឋ​មកលើ​សេវា​របស់​រដ្ឋ​យើង​។

ដូចនេះ​គ្រូពេទ្យ​ត្រូវ​គោរព​ និង ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ឲ្យ​បានល្អ​ប្រសើរ​។ ​ព្រោះថា​គ្រូពេទ្យ មាន​តួនាទី​ដ៏​សំខាន់​បំផុត ក្នុង​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ សុវត្ថិភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដូចនេះ​យើង​ត្រូវ​មានការ​ទំនួល​ខុសត្រូវ​ខ្ពស់ ទាំង​ចំណេះ ជំនាញ និង​បទពិសោធន៍ ធ្វើ​អ្វីមួយ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ពិសេស​ត្រូវ​ចាត់ទុកថា អ្នកជំងឺ ដូចជា​សមាជិកគ្រួសារ​របស់​យើង​មួយ​រូប​ផង​ដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu