អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនិងទួរគីបានព្រមព្រៀងគ្នាលើព្រំដែននៃតំបន់គ្មានយោធានៅភាគខាងជើងប្រទេសស៊ីរីដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលអាចពិនិត្យមើលការវាយប្រហារលើតំបន់ឧទ្ទាមចុងក្រោយនៅខេត្ត អ៊ីដលីប។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយបន្ទាប់ពីកិច្ចចរចាជាមួយសមភាគីបូស្នៀលោក Igor Crnadak ថា “យោធារុស្ស៊ីនិងទួរគីបានឯកភាពគ្នាលើព្រំដែនដ៏រឹងមាំនៃតំបន់គ្មានយោធា”។
ក្រុងមូស្គូបាននិយាយថា តំបន់គ្មានយោធានឹងជួយបញ្ឈប់ការវាយប្រហារចេញពីខេត្តអ៊ីដលីបលើទីតាំងកងទ័ពស៊ីរីនិងមូលដ្ឋានយោធារបស់រុស្ស៊ីនៅក្នុងតំបន់។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគីលោក Recep Tayyip Erdogan បានព្រមព្រៀងគ្នាបង្កើតតំបន់ប្រវែងពី១៥ទៅ២០គីឡូម៉ែត្រមួយនេះកាលពីថ្ងៃចន្ទបន្ទាប់ពីកិច្ចពិភាក្សារយៈពេលជាង៤ម៉ោង។
សន្តិសុខនៅក្នុងតំបន់នេះដែលរួមបញ្ចូលទាំងផ្នែកខ្លះនៃខេត្ត អ៊ីដលីប និងខេត្តជិតខាងរួមទាំងទីក្រុង អាឡេប៊ូ ផងដែរនោះគឺនឹងត្រូវត្រួតពិនិត្យដោយកងទ័ពទួរគីនិងយោធារុស្ស៊ី។
លោក Lavrov បាននិយាយអំពីតំបន់នេះថា“វាគឺជាជំហានមធ្យមប៉ុន្តែជាជំហានចាំបាច់”។ លោកបន្តថា “នៅពាក់កណ្តាលខែតុលា អ្នកប្រយុទ្ធទាំងអស់នៃរណសិរ្ស Al-Nusra ត្រូវតែចាកចេញពីតំបន់គ្មានយោធានេះហើយឧបករណ៍យោធាធុនធ្ងន់ទាំងអស់ត្រូវតែដកចេញពីទីនោះ”។
ប្រទេសរុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលលោកប្រធានាធិបតីស៊ីរី Bashar al-Assad ដោយបានជួយរដ្ឋាភិបាលស៊ីរីបង្កើតការត្រួតត្រាលើទឹកដីភាគច្រើនរបស់ប្រទេសនេះបន្ទាប់ពីចូលធ្វើអន្តរាគមន៍នៅក្នុងជម្លោះកាលពីឆ្នាំ២០១៥។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទួរគីបានគាំទ្រអ្នកប្រយុទ្ធប្រឆាំងដែលកំពុងស្វែងរកការទម្លាក់មេដឹកនាំស៊ីរី។ ទួរគីនិយាយថា ការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងពួកឧទ្ទាមអាចបង្កឲ្យមានការជម្លៀសមនុស្សដ៏ធំឆ្ពោះទៅកាន់ព្រំដែនរបស់ខ្លួន៕ AFP
Source: Kampuchea Thmey Daily
0 Comments