សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបនាំខ្លួនមកធ្វើការសាកសួរ ព្រោះការសរសេរបង្ហោះក្នុងហ្វេសបុក របស់គេ ប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស របស់លោកស្នងការនគរបាលខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការរង ទទួលបន្ទុកព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា ក្រោយពេលសាកសួរ យុវជនរូបនេះ ទើបដឹងថា ឈ្មោះពាត ពេជ្រសំនិថ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ មិនពិត ប្រាកដ ទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចកក្រុង ខេត្តសៀមរាប បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិ ពិតប្រាកដមែន ប៉ុន្តែមូលហេតុគេបកស្រាយ មិនបានក្បោះក្បាយឡើយ ព្រោះជនសង្ស័យ មានសភាពនិយាយ មិនសូវដឹងខុសត្រូវ។
លោកបន្តថា ដោយមានការសង្ស័យសមត្ថកិច្ច បានធ្វើការតេស្ត រកសារធាតុញៀនក្នុងខ្លួន តាមរយៈទឹកនោម ជាលទ្ធផលឃើញថា វិជ្ជមាន"មានផ្ទុកសារធាតុញៀន" ក្នុងខ្លួន។ យោងតាមការបំភ្លឺរបស់ អាណាព្យាបាល របស់យុវជនរូបនេះ បានឲ្យដឹងថា កន្លងមកកូនប្រុសរបស់គាត់ ពុំដែលមានប្រព្រឹត្តបទល្មើសអ្វីពីមុនមកទេ ហើយក៏ពុំដែលជាប់មណ្ឌល ឬពន្ធនាគារដែរ ក៏ប៉ុន្តែជាងមួយឆ្នាំចុងក្រោយនេះ កូនប្រុសរបស់គាត់បានខូចចិត្ត ព្រោះប្រពន្ធចុះចោល ក៏បែកគំនិតដើរលេងច្រើន និង មានសភាពវង្វេងបាត់បង់សតិនិយាយ មិនសូវដឹងខុសត្រូវ។ ដោយឃើញសភាពកូន និយាយមិនសូវដឹងអី និងឃើញកូន មានសារធាតុញៀនក្នុងខ្លួន បែបនេះ ឪពុកម្តាយ បានចេញមុខសុំទោសចំពោះលោកស្នងការជំនួសកូន និងស្នើឲ្យសមត្ថកិច្ច ជួយបញ្ជូនកូនទៅផ្ញើនៅ មជ្ឈមណ្ឌលស្ដារនីតិសម្បទា ផ្តាច់សារធាតុញៀនខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments