មនុស្សពីរនាក់ ត្រូវបានសម្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលបានវាយប្រហារប្រទេសជប៉ុនកាលពីចុងសប្តាហ៍ ខណៈលទ្ធផលនៃព្យុះនេះ បានបង្កឲ្យមានភាពចលាចលដល់ការធ្វើដំណើរនៅក្នុងទីក្រុងតូក្យូ។
នៅព្រឹកថ្ងៃចន្ទ ព្យុះទីហ្វុង Trami បានឆ្លងកាត់ប្រទេសជប៉ុនប៉ុន្តែខ្យល់បក់ដ៏មានឥទ្ធិពលនិងភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការខូចខាតដែលរារាំងផ្លូវថ្នល់និងខ្សែរថភ្លើង។
ក្រុមមន្ត្រីក្នុងតំបន់និងប៉ូលិសបាននិយាយថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងព្យុះនេះ។ ម្នាក់កប់ដោយការបាក់ដីនៅទីក្រុង Tottori ភាគខាងលិចប្រទេសជប៉ុននិងម្នាក់ទៀតលង់ទឹកនៅទីក្រុង Yamanashi ភាគខាងលិចទីក្រុងតូក្យូ។
បុរសទាំងពីរត្រូវបានគេជឿថាបានស្លាប់កាលពីថ្ងៃអាទិត្យនៅពេលព្យុះនេះបង្កឲ្យមានការបាក់ដីនៅភាគខាងលិចប្រទេសជប៉ុន។
ទូរទស្សន៍ NHK បានផ្សាយថា មនុស្សពីរនាក់ទៀតត្រូវបានគេរាយការណ៍ថាបាត់ខ្លួនហើយជាង១២០នាក់បានរងរបួសនៅក្នុងព្យុះដ៏ខ្លាំងក្លានេះ។
ព្យុះទីហ្វុងនេះបានបណ្តាលឲ្យមានការរំខានការធ្វើដំណើរនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោកមួយនេះកាលពីថ្ងៃអាទិត្យខណៈសេវាកម្មរថភ្លើងល្បឿនលឿនបានផ្អាក ជើងហោះហើរជាង១,០០០ត្រូវបានលុបចោលនិងសេវារថភ្លើងពេលល្ងាចរបស់ទីក្រុងតូក្យូត្រូវបានលុបចោល។
ភាពចលាចលបានបន្តដល់ថ្ងៃចន្ទខណៈដែលខ្សែភ្លើងបានធ្លាក់ចុះហើយដើមឈើបានរាំងស្ទះផ្លូវរថភ្លើងនិងជើងហោះហើរប្រហែល២០០ជើងនៅតែជាប់គាំង។
បន្ទាប់ពីវាយប្រហារកោះឆ្ងាយៗរបស់ជប៉ុនរួមទាំងកោះ Okinawa ផងដែរនោះ, ព្យុះ Trami បានបោកបក់នៅភាគខាងត្បូងនៃទីក្រុង Osaka កាលពីយប់ថ្ងៃអាទិត្យ។
Trami គឺជាព្យុះចុងក្រោយបំផុតនៃអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិអាក្រក់ដែលវាយប្រហារប្រទេសជប៉ុន។ ប្រទេសនេះបានរងគ្រោះដោយព្យុះទីហ្វុង ទឹកជំនន់ ការរញ្ជួយដីនិងរលកកំដៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែលបានសម្លាប់មនុស្សរាប់សិបនាក់និងបង្កការខូចខាតយ៉ាងធំធេង៕ AFP
Source: Kampuchea Thmey Daily
0 Comments