មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានលុបចោលកិច្ចពិភាក្សាសន្តិសុខមួយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Jim Mattis ដែលត្រូវបានគេគ្រោងធ្វើឡើងនៅខែតុលានេះ។ មន្ត្រីអាមេរិកបានលើកឡើងបែបនេះប៉ុន្មានថ្ងៃ បន្ទាប់ពីមន្ត្រីចិនកំពូលម្នាក់និយាយថា គ្មានហេតុផលត្រូវភ័យទេអំពីភាពតានតឹងរវាងប្រទេសទាំងពីរ។
មន្ត្រីដែលពាក់ព័ន្ធក្នុងគោលនយោបាយចិននិងនិយាយក្នុងលក្ខខណ្ឌអនាមិករូបនេះបានលើកឡើងថា វាមិនច្បាស់ទេថាតើនៅពេលណាទើបកិច្ចប្រជុំនេះនឹងត្រូវរៀបចំឡើងវិញ។
ការលុបចោលនេះត្រូវបានរាយការណ៍មុនគេដោយកាសែត New York Times ។
មន្ត្រីរូបនេះបាននិយាយថា វាមិនច្បាស់ទេថាតើការលុបចោលនេះគឺដោយសារតែជម្លោះជាច្រើនរវាងក្រុងប៉េកាំងនិងក្រុងវ៉ាស៊ីនតោនស្តីពីបញ្ហានានាដូចជាការលក់អាវុធនិងសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូងនិងដែនទឹកដទៃទៀតនៅជុំវិញប្រទេសចិនដែរឬក៏អត់។
ប្រទេសចិននិងសហរដ្ឋអាមេរិកក៏បានជាប់នៅក្នុងសង្គ្រាមពាណិជ្ជកម្មផងដែរដែលធ្វើឲ្យពួកគេបង្កើនកម្រិតពន្ធគយកាន់តែខ្លាំងឡើងៗលើការនាំចូលដាក់គ្នាទៅវិញទៅមក។
មន្ត្រីរូបនោះបាននិយាយទៀតថា “ភាពតានតឹងកំពុងកើនឡើងហើយនោះអាចបង្ហាញថា មានគ្រោះថ្នាក់ដល់ភាគីទាំងពីរ”។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺទេ។
ប្រភពនៅទីក្រុងប៉េកាំងបាននិយាយសង្ខេបលើបញ្ហានេះកាលពីសប្តាហ៍មុនថា កិច្ចប្រជុំសន្តិសុខអាចនឹងមិនកើតឡើងទេដោយសារភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អ្នកការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលចិនលោក Wang Yi បាននិយាយកាលពីថ្ងៃសុក្រថា គ្មានហេតុផលណាមួយសម្រាប់ភាពភិតភ័យសូម្បីតែការប៉ះទង្គិចរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនក៏ប៉ុន្តែបានព្រមានថា ប្រទេសចិននឹងមិនត្រូវរងការគំរាមកំហែងឫដាក់សម្ពាធលើពាណិជ្ជកម្មនោះទេ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments