កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាច្រើន ព្រមទាំងមន្ត្រីនគរបាលតាមបណ្ដាប៉ុស្តិ៍ឃុំជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងស្រុកបរសេដ្ឋ ខណៈថ្នាក់លើមានការដោះដូរអធិការនគរបាលគ្មានមូលហេតុ ហើយលោកអធិការរងដែលឡើងមកជំនួសនោះជាមនុស្សមិនសូវយកចិត្តទុកដាក់ក្នុងការងារអ្វីទាល់តែសោះ ហើយមិនទាន់បានប្រកាសចូលកាន់តំណែងផង អតីតអធិការរងរូបនោះបានដើរយកសេចក្តីប្រកាសរបស់ថ្នាក់លើអួតគេឯងក្តែងៗថាមិនត្រឹមតែចង់ធ្វើអធិការប៉ុណ្ណោះទេ បើចង់ធ្វើស្នងការនគរបាលខេត្តក៏បានដែរ ពីព្រោះរូបលោកមានសែស្រឡាយគ្រាក់ៗនៅលើ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់បានលើកឡើងថា ថ្នាក់លើមិនគួរណាធ្វើការផ្លាស់ប្តូរលោកអធិការទាំងបង្ខំបែបនេះទេ គឺមើលតែមួយចំហៀង កន្លងមកលោក យ៉ាង សុខលី ជាអធិការនគរបាលស្រុកបរសេដ្ឋបងប្អូនប្រជាពលរដ្ឋតែងតែកោតសរសើរចំពោះស្នាដៃរបស់លោកដែលបានដឹកនាំកម្លាំងធ្វើការបង្ក្រាបបទល្មើសនានា ដូចជា ចោរលួច គ្រឿងញៀន ចោរប្លន់។ល។ ហើយអ្វីដែលប្រជាពលរដ្ឋមានការសោកស្តាយនោះគឺលោក យ៉ាង សុខលី តែងតែធ្វើបុណ្យដូចជាបងប្អូនប្រជាពលរដ្ឋណាមានការខ្វះខាតក្នុងជីវភាព លោកតែងតែចែករំលែកផ្តល់ជាសម្ភារៈគ្រឿងឧបភោគ បរិភោគនានា ឬក៏ប្រជាពលរដ្ឋណាក្រីក្រមានមនុស្សស្លាប់ហើយខ្វះខាតថវិកាធ្វើបុណ្យនិងទិញក្តារមឈូសសម្រាប់បូជាសព លោកតែងតែផ្តល់តាមរយៈថវិកាផ្ទាល់ខ្លួនឬតាមរយៈការកៀរគររបស់សប្បុរសជននានា ទើបប្រជាពលរដ្ឋមានការសោកស្តាយលោកណាស់។
បើតាមសម្តីរបស់មន្ត្រីនគរបាលជាច្រើននៅក្នុងស្រុកបរសេដ្ឋបានលើកឡើងថា ថ្នាក់លើមិនគួរណាធ្វើការដក លោកវរសេនីយ៍ឯក យ៉ាង សុខលី ពីអធិការនគរបាលស្រុកបរសេដ្ឋចេញនោះឡើយ ថ្នាក់លើធ្វើបែបនេះហាក់បីដូចជាមិនយុត្តិធម៌សម្រាប់លោកអធិការសោះគឺ ធ្វើការទាំងបង្ខំ ទាំងមិនដឹងមូលហេតុច្បាស់លាស់ពិតប្រាកដសោះ កន្លងមកលោកធ្លាប់មានស្នាដៃច្រើនក្នុងការបំពេញការងារធ្វើការស្រាវជ្រាវ បង្ក្រាបករណីធំៗដូចជាចោរលួច ឆក់ ប្លន់ ជាពិសេសគ្រឿងញៀននិងក្មេងទំនើងជាដើម មិនត្រឹមតែប៉ុណ្ណោះលោកបានជួយក្នុងការងារសង្គមដូចជាកាកបាទក្រហមនិងជួយដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋស្ទើរតែទូរទាំងស្រុក ចំនួន១៥ប៉ុស្តិ៍ឃុំនោះ។ ក្នុងនាមមន្ត្រីក្រោមឱវាទជាច្រើននាក់និងប្រជាពលរដ្ឋជាច្រើនស្ទើរតែទូទាំងស្រុកបរសេដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឮថាថ្នាក់លើធ្វើការដកលោកយ៉ាង សុខលីចេញនោះ ហើយអ្វីដែលធ្វើអោយពួកគាត់រឹតតែភ្ញាក់ផ្អើលខ្លាំងជានោះទៀតគឺឃើញ លោកអ៊ុំ ចំរើន បានកាន់សេចក្តីប្រកាសមួយច្បាប់ដើរសំញែងអួតគេឯងតាមតុកាហ្វេ ក្តែងថាជិតបានឡើងជាអធិការស្រុកបរសេដ្ឋហើយ (មេប៉ុស្តិ៍ទាំង១៥ក្នុងស្រុកបរសេដ្ឋទាំងអស់មិនគោរពរូបលោកទេនោះ ច្បាស់ជាដឹងគ្នាហើយ)។ លោក អ៊ុំ ចំរើននិយាយទៀតថាមហិច្ឆតារបស់លោកមិនត្រឹមតែចង់ធ្វើជាអធិការនោះទេ ចង់ធ្វើជាស្នងការខេត្តកំពង់ស្ពឺ ថែមទៀតផង។ ប្រជាពលរដ្ឋនិងមន្ត្រីនគរបាលមានការសោកស្តាយយ៉ាងខ្លាំងចំពោះថ្នាក់លើដែលបានធ្វើការសម្រេចចិត្តលឿនយ៉ាងនេះ បើលោក អ៊ុំ ចំរើន ជាអធិការរងមិនសូវដែលមកធ្វើការងារផងតើមានបទពិសោធន៍ណាក្នុងការដឹកនាំគ្រប់គ្រងមន្ត្រីក្រោមឱវាទទៅ ? ឬមួយលោក អ៊ុំ ចំរើន មានសែស្រឡាយខ្នងបង្អែកធំគ្រាក់ៗក៏ប្រជាពលរដ្ឋមិនដឹងដែលពីព្រោះសម័យនេះអ្នកណាមានលុយមានសែស្រឡាយធំៗអាចធ្វើអ្វីក៏បានដែរ។
ពាក់ព័ន្ធនឹងមហិច្ឆតារបស់លោកអ៊ុំ ចំរើន គ្រោងប្រកាសក្លាយជាអធិការនគរបាលស្រុកបរសេដ្ឋខាងមុខនេះហើយចង់ក្លាយជាស្នងការនគរបាលខេត្តថែមទៀតផងនោះ។ ចម្លែកជាងគេការផ្លាស់ប្តូរលោកអធិការស្រុកបរសេដ្ឋនេះហាក់ដូចជាទម្លាក់សក្ដិ និងតួនាទីរបស់លោកអធិការ មកត្រឹមរងការិយាល័យ នេះគេមិនអាចហៅកែសម្រួលភារកិច្ចនោះទេ គឺជាដកតួនាទីតែម្តង ដែលធ្វើឲ្យមតិមហាជនកាន់តែងឿងឆ្ងល់យ៉ាងខ្លាំង ជាទម្លាប់បើធ្វើការទម្លាក់តួនាទី បុគ្គលដែលមានកំហុសត្រូវកោះហៅ អប់រំកែប្រែយ៉ាងក៏៣ដងផងដែរ តែលោកនេះគឺជាដក ដាក់តាមទម្លាប់ខ្សែស្រឡាយតែម្តង។
លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា លោកស្រឡាញ់កូនចៅ ឬមនុស្សក្រោមឱវាទស្មើៗគ្នា ហើយការដោះដូរជារឿងរបស់ថ្នាក់លើ និងជាភារកិច្ចរបស់កងកម្លាំង៕
Source: Kampuchea Thmey Daily
0 Comments