Ad Code

ឥណ្ឌូនេស៊ី​ចាប់ផ្តើម​កប់​សាកសព​ និង​ស្នើសុំ​ជំនួយ​ក្រោយ​គ្រោះ​រញ្ជួយ​ដី



កាលពី​ថ្ងៃ​ចន្ទ ក្រុម​អ្នកស្ម័គ្រចិត្ត​ឥណ្ឌូនេស៊ី​បានចាប់ផ្តើម​កប់​សាកសព​នៅក្នុង​ផ្នូរ​ដ៏​ធំ​មួយ​ដែលមាន​ទំហំ​អាចដាក់​សាកសព​បានជា​ង​មួយ​ពាន់​នាក់​បន្ទាប់ពី​ការរញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមិ​បាន​បំផ្លិចបំផ្លាញ​កោះ Sulawesi និង​បណ្តាល​ឲ្យ​អាជ្ញាធរ​ត្រូវ​តស៊ូ​ជាមួយនឹង​ផល​លំបាក​ក្រោយ​គ្រោះមហន្តរាយ​នេះ​។​

គ្មានអ្វី​ជា​រឿង​ចម្លែក​ទេ​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ហើយ​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​ចង់​បង្ហាញថា ខ្លួន​អាច​ដោះស្រាយ​ជាមួយ​មហន្តរាយ​មួយ​នេះ​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​៨៣២​នាក់​បើ​គិត​មកដល់ពេលនេះ​ដោយ​យោងតាម​តួលេខ​ផ្លូវការ​។​

ប៉ុន្តែ​នៅតាម​តំបន់​ដាច់ស្រយាល​មួយចំនួន​មិនទាន់​ទាក់ទង​បាន​នៅឡើយ​ទេ​ហើយ​ថ្នាំពេទ្យ​កំពុង​អស់​ខណៈ​អ្នក​ជួយសង្គ្រោះ​កំពុង​ជួបប្រទះ​នឹង​ការខ្វះខាត​សម្ភារៈ​ធុន​ធ្ងន់​នៅពេល​ពួកគេ​ព្យាយាម​ស្វែងរក​ជនរងគ្រោះ​ដែល​ស្រែក​ចេញពី​សំណង់​អគារ​បាក់បែក​។​

ជាការ​ឆ្លើយតប លោក​ប្រធានាធិបតី Joko Widodo បាន​បើកទ្វារ​សម្រាប់​ភ្នាក់ងារ​ជំនួយ​អន្ដរជាតិ​និង​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​ដែល​ត្រៀមខ្លួន​ផ្តល់ជំនួយ​សង្គ្រោះ​ជីវិត​។​
​ក្រុមមន្ត្រី​បារម្ភ​ថា ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះហើយ​ឥណ្ឌូនេស៊ី​បានប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​១៤​ថ្ងៃ​។​

នៅ​តំបន់ Poboya, ក្រុម​អ្នកស្ម័គ្រចិត្ត​បានចាប់ផ្តើម​កប់​សាកសព​ជាមួយនឹង​ការណែនាំ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ជនរងគ្រោះ​ចំនួន​១,៣០០​នាក់​។​

អាជ្ញា​ធរមាន​ភាព​អស់សង្ឃឹម​ក្នុងការ​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ណាមួយ​ដែល​បណ្តាលមកពី សាកសព​ដែល​ស្អុយរលួយ​។​
​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​តស៊ូ​ជាមួយ​ពេលវេលា​និង​កង្វះខាត​ឧបករណ៍​ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​នៅតែ​ជាប់​ក្នុង​គំនរ​បាក់បែក​ខណៈ​មនុស្ស​រហូតដល់​ទៅ​៦០​នាក់​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​ត្រូវ​ជាប់​នៅក្រោម​សណ្ឋាគារ Palu​។​

អ្នក​រស់រានមានជីវិត​ដែល​អស់សង្ឃឹម​បាន​លួច​ទំនិញ​ក្នុង​ហាង​ជាច្រើន​ដូចជា​ម្ហូបអាហារ ទឹក​និង​ប្រេងឥន្ធនៈ​នៅពេល​ប៉ូលិស​បានត្រឹមតែ​សម្លឹងមើល​និង​មិន​អាចធ្វើ​អន្តរាគមន៍​បានទេ​។​

ទន្ទឹមនឹង​នេះដែរ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា អ្នកទោស​ចំនួន​១,២០០​នាក់​បាន​ភៀសខ្លួន​ចេញពី​ពន្ធនាគារ​យ៉ាងហោចណាស់​បី​នៅក្នុង​តំបន់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu