បាត់ដំបង  ៖ ផ្សារថ្មីគឺជាផ្សារមួយដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥  ក្នុងភូមិ១៣មករា  សង្កាត់ព្រែកព្រះស្ដេច  ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ហើយក៏ជាផ្សារមួយដែលស្ថិតក្រោមការគ្រប់គ្រងដោយ  លោក ឡាញ់ នី  មាននាទីជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបផងដែរដែលកំពុងតែគេងយកផលចំណេញមួយក្ដារទៀត  ហើយទៅលើទីតាំងដីរបស់ចំណតរថយន្តដែលស្ថិតនៅក្បែរផ្សារនេះ។  គួរបញ្ជាក់ដែរថា  ការដេញថ្លៃទៅលើភាស៊ីផ្សារនេះគឺត្រូវបានលើកលែងអស់រយៈពេលជាច្រើនឆ្នាំដោយកាត់កងគ្នាទៅនឹងការសាងសង់សាលាខេត្តបាត់ដំបង  ដោយសារតែបញ្ហានេះហើយ
ទើបធ្វើឲ្យលោក  ឡាញ់ នី  ព្រមជាមួយនឹងដៃគូចង់ធ្វើព្យុះធ្វើភ្លៀងយ៉ាងណាក៏ស្រេចតែចិត្ត  ប៉ុន្តែបានតែមួយរយៈប៉ុណ្ណោះ  ដោយសារតែការលោភលន់  និងមហិច្ឆតារបស់ដង្ខៅផ្សាររូបនេះធ្វើឲ្យគូកនដែលជាដៃគូរកស៊ីសុំផ្តាច់ភាគហ៊ុនចេញទាំងអស់។
កន្លងមកប្រភពផ្ទៃក្នុងមួយបានលួចបង្ហើបឲ្យដឹងថា  ចាប់ផ្តើមពីឈរសោយរាជ្យតែម្នាក់ឯងមកគឺលោកដង្ខៅបានចាប់ផ្ដើមពុះអង្កន់ដីជាឡូត៍តូចៗដើម្បីលក់និងសង់ជាផ្ទះល្វែងនៅក្នុងតំលៃរាប់ម៉ឺនដុល្លារ  ចំណែកថ្លៃភាស៊ី ថ្លៃភ្លើង  និងថ្លៃគ្រែ  កន្ទេលតូចៗដែលក្រុមអាជីវករជួលលក់ត្រកួន  ព្រលិត ត្រូវបានគេកំណត់តំលៃឲ្យបង់មិនធម្មតាឡើយ  ដែលធ្វើឲ្យពួកគាត់បញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំងស្ទើរតែផ្ទុះកំហឹងម្តងៗថែមទៀតផង។
ឆ្នាំ២០១៧គឺជាឆ្នាំដែលត្រូវដាច់អាណត្តិ  ទំនងជាបញ្ហានេះហើយបានជាថ្មីៗនេះទីតាំងមួយកន្លែង  ដែលស្ថិតនៅខាងកើតតួផ្សារ  និងជាទីតាំងចំណតរថយន្តធំ-តូចគ្រប់ប្រភេទកំពុងតែចាប់ផ្តើមពុះអង្កន់ជាដុំតូចៗទៀតសម្រាប់ជួលឲ្យអាជីវករសង់ជារោងលក់ទំនិញផ្សេងៗជាបណ្ដើរៗ  ហើយដោយដីមួយដុំៗជួលក្នុងមួយខែចាប់ពី២០ដុល្លារដល់៥០ដុល្លាដែលធ្វើឲ្យផ្លូវចូលទៅក្នុងចំណតរថយន្តស្ទើរតែបាត់បង់អស់ទៅហើយ។
រាល់បញ្ហាទាំងនេះក៏មានប្រភពជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធទៅនឹងបញ្ហាជាច្រើនដែលបានកើតឡើងតាំងពីការយកផ្លូវសាធារណៈជុំវិញផ្សារធ្វើជាកន្លែងផ្ញើកង់  ម៉ូតូ ធ្វើឲ្យ
ច្រកចេញចូលមានសភាពតូចចង្អៀតស្ទើរតែដើរមិនរួច។
រឿងដីចំណតរថយន្តនេះក៏ធ្លាប់មានប្រភពផ្ទៃក្នុងលួចប្រាប់កម្ពុជាថ្មីដែរថាដង្ខៅផ្សារមាន
បំណងយូរហើយ  ប៉ុន្តែគេនៅខ្លាចត្រង់ថាអាជីវករមិនព្រមចូលទៅលក់នៅទីនោះ  ព្រោះវានៅខាងក្រៅទីតាំងផ្សារ  វាមិនដូចក្នុងតួផ្សារនោះឡើយ  លុះដល់ពេលនេះប្រហែលជាអត់ទ្រាំមិនបានដោយសារតែស្ដាយលុយទើបចាប់ផ្តើមឈានមួយជំហាន  ហើយនាឱកាសនេះតទៅមុខក៏ប្រហែលជានឹងរលាយផងក៏មិនដឹងចំពោះទីតាំងចំណតរថយន្តនេះ  ដោយសារតែការបង់ចំណតត្រូវបានគេលើកយកទៅដាក់នៅលើផ្លូវជាតិលេខ៥អស់ហើយ  គឺនៅក្បែររង្វង់មូលព្រាបស  មិនខុសអីទៅនឹងកុងត្រូលជជុះនោះទេ  ព្រោះពេលដែលរថយន្តដឹកមនុស្សឬដឹកទំនិញមកដល់គេរត់ឆ្វៀលឆ្វាត់ពេញផ្លូវដើម្បីតាមយកលុយ។  រាល់បញ្ហាទាំងនេះគេមិនដឹងថាអាជ្ញាធរពាក់ព័ន្ធ  ពិសេសអាជ្ញាធរខេត្តបានជ្រាបដែរឬយ៉ាងណានោះទេ  ឬក៏មិនហ៊ានក្អកដោយសារតែបានទទួលនូវអាគារសាលាខេត្តមួយខ្នងនេះ?  ល្មមដល់ថ្ងៃឱសានវាទហើយសម្រាប់បញ្ហានានាដែលបានកើតឡើងនៅក្នុងបរិវេណផ្សារថ្មីបាត់ដំបងនេះ៕
សោ  និយមរ័ត្ន      

0 Comments