ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១៥នេះ កម្ពុជានិងថៃពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីតាមរយៈការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២បន្ថែមទៀតនៅតាមច្រកព្រំដែនប៉ោយប៉ែត និងខេត្តកោះកុង។ លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពីជំនួបពាណិជ្ជករថៃមកស្វែងយល់ពីការវិនិយោគនៅកម្ពុជានៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានការចូលរួមពីពាណិជ្ជករថៃចំនួន១៨០នាក់មកពីប្រទេសថៃ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ពាណិជ្ជករថៃ ដែលចាប់អារម្មណ៍ទីផ្សារកម្ពុជាឲ្យបានទទួលព័ត៌មានដែលពិតប្រាកដតាមរយៈបទពិសោធន៍របស់ពាណិជ្ជករថៃនៅកម្ពុជា។ ខណៈពេលដែលពួកគាត់បានយកទំនិញមកចូលរួមដាក់លក់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០១៥ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែកុម្ភៈនៅមជ្ឈមណ្ឌលកោះពេជ្រ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ក៏បានធ្វើការបង្ហាញដល់ពាណិជ្ជករថៃឲ្យបានដឹងផងដែរថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ល្អ មានសេដ្ឋកិច្ចល្អប្រសើរ និងមានការរីកចម្រើនទៅមុខទៀតព្រោះកម្ពុជាមានអ្នកវិនិយោគទុនមកពីក្រៅប្រទេសនានាច្រើន ក្នុងនោះរួមមានទាំងអ្នកដែលចង់នាំទំនិញយកមកលក់នៅកម្ពុជាក៏ទទួលបានជោគជ័យ និងអ្នកដែលមានបំណងចង់បណ្ដាក់ទុនដូចជាសាងសង់រោងចក្រផ្សេងៗនោះក៏ជោគជ័យដែរ។
នៅក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ២០១៥ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃដែលជាផលិតផលមានគុណភាពល្អតំលៃសមរម្យនិងដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃ មានឧកាសបានទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតំលៃដែលអាចធានាបានថា ថោកជាងនៅលើទីផ្សារយ៉ាងពិតប្រាកដ។
ពិព័រណ៍ពាណិជ្ជកម្មថៃ២០១៥ លើកនេះមានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន២៥០ក្រុមហ៊ុននឹងមានស្តង់សរុប២៥០ស្តង់ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញនិងលក់ដូចជា សំភារៈសំណង់និងគ្រឿងបន្លាស់ម៉ាស៊ីន អាហារ និងភេសជ្ជ សំលៀកបំពាក់ និងវាយនភណ្ឌ គ្រឿងសំអាង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈអគ្គិសនីនិងអេឡិចត្រូនិក រួមទាំងសម្ភារៈជាច្រើនផ្សេងទៀត។ លោកស្រីសង្ឃឹមថា ពិព័រណ៍ពាណិជ្ជកម្មថៃ២០១៥នឹងទទួលបានជោគជ័យរួមនឹងកាគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ លោកស្រីក៏បានរំលឹកឲ្យដឹងដែរថាឆ្នាំ២០១៤កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ថៃ-កម្ពុជា មានចំនួន៥.០០០លានដុល្លារអាមេរិកកើនឡើងប្រមាណ១២ភាគរយធៀបនឹងឆ្នាំ២០១៣មានចំនួន៤.៦០០លានដុល្លារអាមេរិក៕
វត្តី
0 Comments