Ad Code

ពលរដ្ឋ​៦​ខេត្ត​ ទទួល​ការ​ព្យាបាល​ភ្នែក​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​

ភ្នំពេញ ៖ អ្នកជំងឺ​បាយ​ភ្នែក​រស់នៅ​ខេត្ត​កែប កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និង​ខេត្តកំពង់ធំ​ទទួល​បាន​ការ​ព្យាបាល​និង​វះកាត់​ភ្នែក​ដោយ​ឥត​គិត​ថ្ងៃ​ពី​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ។​
លោក តែ សេរី​បុណ្យ ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​មាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​៦​ខាងលើ​អាច​មក​ទទួល​សេវា​វះកាត់​បាយ​ភ្នែក ឬ​ភ្នែក​ឡើងបាយ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១​ ខែ​កុម្ភៈ​នេះ​តទៅ ដោយ​មន្ទីរពេទ្យ​ថែមទាំង​ចេញថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​បាយទឹក​ក្នុង​ពេល​ស្នាក់នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទៀត​ផង។​
លោក​ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​អ្នកជំងឺ​ត្រូវ​យក​ឯកសារ​បញ្ជាក់​អំពី​អាយុ និង​លំនៅឋាន​ជាប់​មក​ជា​មួយ ដើម្បី​បង្ហាញ​លោកគ្រូ​ពេទ្យ ទើប​មន្ទីរពេទ្យ​ចេញថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​ស្នាក់នៅ និង​ថ្លៃ​ព្យាបាល​បាន។ លោក​បាន​បន្ត​ថា​ «​ឲ្យ​តែ​បងប្អូន​ទាំងអស់​ដែល​នៅក្នុង​ខេត្ត​ទាំង​៦​ហ្នឹង​មាន​បញ្ហា​បាយ​ភ្នែក ហើយ​អាយុ​ចាប់​៥៥​ឡើង​ទៅ គឺ​គាត់​ជួយ​ទៅលើ​សេវា​ហ្នឹង។ ពាក់ព័ន្ធ​ជាមួយនឹង​សេវា​ហ្នឹង​ដើម្បី​ទទួល​លុយ​ហ្នឹង​បាន ទាល់តែ​គឺ​មាន​លំនៅឋាន​ពិតប្រាកដ​នៅ​ហ្នឹង អ៊ីចឹង​ទាមទារ​ឲ្យ​មាន​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ ដូចជា​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​គ្រួសារ ឬមួយ​កាត​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​នៅក្នុង​ហ្នឹង នៅ​ពេល​ដែល​គាត់​មកដល់​មន្ទីរពេទ្យ គឺ​គាត់​បាន​ទទួល​ប្រាក់​សម្រាប់​ធ្វើដំណើរ ហូបចុក និង​ការវះកាត់​ជំងឺ​បាយ​ភ្នែក​ដោយ​មិន​គិតថ្លៃ​»។​
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកជំងឺ​បាយ​ភ្នែក​អាច​ចំណាយពេល​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​រយៈ​ពេល​មួយ​យប់​ដើម្បី​ធ្វើការ​វះកាត់ ហើយ​មន្ទីរពេទ្យ​មាន​បន្ទប់​សម្រាប់​ឲ្យ​ស្នាក់នៅ ក៏ប៉ុន្តែ​លោក​ថា អ្នក​ជំងឺ​ត្រូវ​យក​កន្ទេល​មុង​ភួយ​សម្រាប់​ខ្លួនឯង។ ចំពោះ​បាយទឹក​វិញ អ្នកជំងឺ​អាច​ទទួលទាន​នៅ​អាហារដ្ឋាន​ក្នុង​មន្ទីរពេទ្យ​បាន​៣​ពេល​ក្នុង​មួយថ្ងៃ ដោយ​ចេញ​ប្រាក់​ខ្លួនឯង​មុន​សិន ចាំ​មន្ទីរពេទ្យ​ទូទាត់​សង​វិញ​ពេល​ចេញ​មក​ផ្ទះ ឬក៏​អ្នកជំងឺ​អាច​យក​អង្ករ និង​ម្ហូបអាហារ​មក​ចម្អិន​ខ្លួនឯង​ក្នុង​មន្ទីរ​ពេទ្យ​ក៏បាន។​
ទាក់ទង​ទៅ​នឹង​ការ​សម្គាល់ និង​មូលហេតុ​នៃ​ជំងឺ​បាយ​ភ្នែក​វិញ លោក​គ្រូពេទ្យ តែ សេរី​បុណ្យ ថា ជំងឺ​នេះ​ងាយ​ចំណាំ​ណាស់ ចាស់ៗ​ស្រុកស្រែ​ភាគច្រើន​គាត់​ដឹង​ច្បាស់​អំពី​ជំងឺ​នេះ។ លោក​ថា «​ជំងឺ​បាយ ភ្នែក​ទៅតាម​អាយុ កាលណា​យើង​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ គឺ​យើង​ចាប់ផ្ដើម​មាន​អាហ្នឹង​ទៅ​តាម​ប្រភេទ​ផ្សេងៗ​គ្នា វា​អាច​ទៅ​នឹង​ទាំងអស់ គឺ​ត្រូវ​ឡើង​.ស ប៉ុន្តែ​គ្រាន់តែ​ថា​កត្តា​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​ជាមួយនឹង​ការ​ឆាប់​ឡើង​.ស វា​អាច​ដោយ​គាត់​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ផ្សេងៗ​គ្នា ដោយសារ​ប្រើ​ប្រាស់​អត់​ត្រឹមត្រូវ វា​អាច​ប៉ះពាល់​ទៅដល់​ភ្នែក​ដែរ​ប៉ះពាល់​ជាមួយនឹង​កម្ដៅថ្ងៃ គេ​ហៅថា​កាំរស្មី​ពេល​ដែល​គាត់​ដើរ​ធ្វើការ​នៅ​កណ្ដាល​ថ្ងៃ គាត់​អត់​បាន​ទទូរ​កន្សែង ពាក់មួក ឬ​ពាក់​វ៉ែនតា​សម្រាប់​ការពារ​កម្ដៅថ្ងៃ ក៏​វា​ជា​កត្តា​ជំរុញ​ឲ្យ​កែវភ្នែក​ឆាប់​ឡើង​ស​ដែរ។ ហើយ​ចំណីអាហារ ការ​ប៉ះទង្គិច អ៊ីចឹង​មាន​កត្តា​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ឡើងបាយ​ភ្នែក​ហ្នឹង​»។​
ជំងឺ​ភ្នែក​ទូទៅ គឺ​ជំងឺ​ស្រួចស្រាល់​មួយ​ក្នុងចំណោម​ជំងឺ​១០​មុខ ដែល​ស្រួចស្រាល់​កម្រិត​ខ្ពស់​បំផុត ក៏ប៉ុន្តែ​អត្រា​ភាគរយ​នៃ​គ្រោះថ្នាក់​របស់​ជំងឺ​ភ្នែក​ឋិត​នៅ​កម្រិត​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​ជំងឺ​ផ្សេងទៀត​ទាំង​១០​នោះ។​
អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ភ្នែក​ឋិត​ក្នុង​កម្រិត​៣,% ប្រៀបធៀប​ទៅ​នឹង​អត្រា​គ្រោះថ្នាក់​ដោយ​សារ​លើសឈាម​មាន​ចំនួន​២,% ដែល​ជា​អត្រា​ទាប​ជាងគេ​បំផុត។ គួរ​បញ្ជាក់​ថា ​ការពង្រីក​សេវា​ព្យាបាល​បាយ​ភ្នែក​ដោយ​ឥតគិតថ្លៃ​ដល់​ខេត្ត​ទាំង​៦​នេះ គឺ​ដោយសារ​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ ទទួល​បាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ (Germany) និង​សហការ​ជាមួយ​ក្រសួងសុខាភិបាល រួម​ទាំង​មាន​ជំនួយ​ផ្នែក​បច្ចេកទេស និង​ថ្នាំពេទ្យ​ពី​អង្គការ​ដៃគូ​ក្នុងស្រុក​មួយចំនួន​ដូចជា អង្គការ​អាក់​ហ្សិ​ន ហ្វ័​រ ហ៊ែ​ល​ភ៍ (Action For Help)
សំអឿន​

Post a Comment

0 Comments

Close Menu