ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ បាននាំយកប្រេងម៉ាស៊ូតដែលជាអំណោយរបស់លោកអភិបាលរាជធានីភ្នំពេញទៅប្រគល់ជូនដល់ការងារបូមទឹកដើម្បីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០៣ របស់សង្កាត់ប្រទះឡាង រួមមាន ភូមិប្រទះឡាង ភូមិអង្គ និងភូមិភា ដែលស្រោចស្រពលើដីស្រែ ប្រមាណ១០១ហិកតា។
ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកអភិបាលរាជធានីភ្នំពេញជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងការយកចិត្តទុកដាក់របស់លោកអភិបាលរាជធានីភ្នំពេញចំពោះការងារកសិកម្ម ការងារបង្កបង្កើនផល ដោយជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្ថែមការអនុវត្តន៍ការងារកសិកម្មឲ្យបានច្រើនឡើង តាមរយៈការបន្ថែមការដាំដំណាំផ្សេងៗ ការចិញ្ចឹមសត្វជាដើម លើការធ្វើស្រែដើម្បីឲ្យជីវភាពមានការរីកចម្រើន។
ក្នុងនោះផងដែរ លោកអភិបាលខណ្ឌដង្កោក៏បានលើកឡើងអំពីផលប្រយោជន៍ពីការធ្វើដំណាំចម្ការ និងចិញ្ចឹមសត្វ ដែលនេះនឹងជួយឲ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើនកាត់បន្ថយការប្រើប្រាស់ជីគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយអាជ្ញាធរខណ្ឌនឹងខិតខំទំនាក់ទំនងរកពូជបន្លែល្អៗយកមកជូនបងប្អូន ព្រមទាំងដោះស្រាយបញ្ហានានាដូចជាបញ្ហាទឹក និងស្វែងរកទីផ្សារជូនបងប្អូនជាដើម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង។

គួរបញ្ជាក់ថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ១.០០០លីត្រ និងប្រេងរំអិលម៉ាស៊ីនចំនួន៣០លីត្រ។ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន៥០០លីត្រផងដែរ៕
រ៉ាវុទ្ធ
0 Comments