Ad Code

រថយន្ត​ដឹក​ទឹកបរិសុទ្ធ"​ម៉ាក​ហាយ​ធិ​ច​" បើក​ជែង​មិន​ប្រយ័ត​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​២​នាក់​

ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកបរិសុទ្ធ​"ម៉ាក​ហាយ​ធិ​ច​" បើក​ជែង​ជ្រុល​ទៅ​បុក​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​រង​អ្នក​ជិះ​ម៉ូតូ​២​នាក់​របួស​ជា​ទម្ងន់ កាលពី​វេលា​ម៉ោង​៥​និង​០៥​នាទី​ល្ងាច ​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​កណ្ដាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ទាំងពីរ​នាក់​ដែល​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ​ តាន់ ពៅ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​អ្នកបើកបរ​ម៉ូតូ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​ឈ្មោះ ​ស្រី ពៅ ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​ជាមួយ​ជនរងគ្រោះ​ទី​១​ផង​ដែរ។
ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​PP 1B 8265 ខូច ខាត​ខាងមុខ​ស្ទើរ​ទាំងស្រុង។ ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​PP 3B 8213 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​មាស មុនី ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​ហាយ​ធិច ស្ថិត​ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​
ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ហុងដា​សេរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ ​បញ្ជិះ​ឌុប​គ្នា​២​នាក់ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥។
ប្រភព​ដដែល​បន្ត​ថា លុះ​ម៉ូតូ​រងគ្រោះ​បើក​មកដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ឃើញ​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​ម៉ាក​ហ៊ី​យ៊ិ​ន​ដាយ​មួយ​គ្រឿង ដែល​បើក​បញ្ច្រាស​ទិស​គា្ន​ជាមួយ​ម៉ូតូ​រងគ្រោះ​ពី​ជើង​មក​ត្បូង បាន​ឡើង​ជែង​ជា​មួយ​នឹង​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​មិន​ស្គាល់​ម៉ាក បើក​ស្រប​ទិស​គ្នា​ ហើយ​ក៏​រ៉េ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ឯ​ក្នុង​ចំណែក​ផ្លូវ​ខាងឆ្វេង​ដៃ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​ជនរងគ្រោះ​ទាំង​២​នាក់​រង​របួស​ជា​ទម្ងន់​តែម្តង រីឯ​ម៉ូតូ​ខូច​ខាត់​ខាងមុខ​ស្ទើរ​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​កំពិត​កាង​ខាងមុខ​បន្តិច​ប៉ុណ្ណោះ។ ក្រោយ​កើតហេតុ​តៃកុង​អ្នក​បើក​រថយន្ត​បង្ក និង​រថយន្ត​ព្រមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​បញ្ជូន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ រង់ចាំ​ទទួល​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែកឯ​ជនរងគ្រោះ​ទាំងពីរ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​៕
ឧ​ត្ត​រ៉ា​

Post a Comment

0 Comments

Close Menu