ភ្នំពេញ ៖ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលបានថ្លែងកាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ថា ជនបរទេស៣នាក់រួមមាន ជនជាតិបង់ក្លាដេស២នាក់ និងជនជាតិនេប៉ាល់ម្នាក់ ត្រូវបានតុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានដដែល ពោលគឺជនជាប់ចោទទាំងអស់ត្រូវជាប់ពន្ធនាគារម្នាក់ៗ៨ឆ្នាំ ពីបទ " ភេរវកម្ម " ពាក់ព័ន្ធការគំរាមកំហែងប៉ុនប៉ងធ្វើភេរវកម្មទៅលើស្ថានទូតចំនួន៣ប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។
ជនជាតិបរទេសទាំង៣នេះមានឈ្មោះ RAFIQUL ISLAM ហៅ KALAM អាយុ៤៧ឆ្នាំ ជនជាតិបង់ក្លាដេស មុខរបរម្ចាស់ភោជនីយដ្ឋានម្ហូបឥណ្ឌា ឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១០ ឈ្មោះ MIAH MOHAMMAD HUYMAYUN KABIR អាយុ៦១ឆ្នាំ ជនជាតិបង់ក្លាដេស មុខរបរមិនពិតប្រាកដ ឃាត់ខ្លួនថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០ និង ឈ្មោះ D.P PAUDYAL ហៅ DIP អាយុ៤៩ឆ្នាំ មុខរបរអ្នកជំនួញ ឃាត់ខ្លួនថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១០។
ជនជាប់ចោទទាំង៣នាក់ជាប់ចោទពីបទភេរវកម្ម ( ហិង្សាដោយមានគោលដៅក្នុងបំណងជំរុញ និងបង្ហាញសារមានលក្ខណៈដាក់សម្ពាធផ្នែកនយោបាយប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពភ័យតក់ស្លុតដល់បុគ្គលនៃស្ថានទូត អូស្ត្រាលី អាមេរិក និងចក្រភពអង់គ្លេស ដែលត្រូវបានការពារជាអន្តរជាតិ ) និងបទចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១០ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមមាត្រា២៩ និង មាត្រា៣៣នៃច្បាប់ស្តីការប្រឆាំងនឹងភេរវកម្ម និងមាត្រា២៩នៃច្បាប់ស្តីអន្តោប្រវេសន៍។
ពាក់ព័ន្ធបញ្ហានេះ ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា កាលពីខែមេសា ឆ្នាំ២០១០ ស្ថានទូតអូស្ត្រាលី និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទទួលលិខិតអនាមិកមួយច្បាប់ ពាក់ព័ន្ធការគំរាមកំហែងប៉ុនប៉ងធ្វើភេរវកម្ម ដោយដាក់ចំណងជើង ថា " ភេរវករចំនួន៤នាក់នៃក្រុមអាល់កៃដា អាស៊ី អាគ្នេយ៍កំពុងមានវត្តមាននៅរាជធានីភ្នំពេញ" ។ លិខិតដែលត្រូវផ្ញើមកនេះ ត្រូវបានសរសេរ និងចុះហត្ថលេខា ដោយមនុស្សចំនួន៦នាក់ មានឈ្មោះ Kalam , Deep , Shiva , Raj , Kumar និង Edris។ លិខិតនេះក៏បានចម្លងទៅស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ប្រភពព័ត៌មានបន្តថា ឆ្លងតាមការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើស្នាមអក្សរ សរសេរដៃ ជាភាសាអង់គ្លេសនៅលើលិខិតអនាមិក ពាក់ព័ន្ធការគំរាមកំហែងប៉ុនប៉ងធ្វើភេរវកម្មធ្វើភេរវកម្មនេះ សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ តែម្តង។ ផ្ទុយមកវិញជនបរទេស៣នាក់បានថ្លែងក្នុងបរិវេណតុលាការកំពូល កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈថា ការសម្រេចរបស់តុលាការកំពូល គឺជារឿងអយុត្តិធម៌ ពីព្រោះពួកគេពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៕
មករា

0 Comments