Ad Code

ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​រថយន្ត​ដឹកទំនិញ​អត់​ច្បាប់​មួយ​គ្រឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​ ​

បន្ទាយមានជ័យ ៖ កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាប​ និង​ឃាត់​រថយន្ត​១​គ្រឿង​ដឹកទំនិញ​គ្មាន​ច្បាប់ ​តែ​ក្រុម​គយ​មិន​សប្បាយចិត្ត​ព្រោះ​បាត់​លាភ​សក្ការៈ​។​ ប៉ូលិស​ចាប់​រថយន្ត​គេចពន្ធ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ​ថ្ងៃទី​០៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងត្បូង​ផ្សារ​ចំការ​គ ប្រមាណ​១០០​ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​លេខ​២​ ស្ថិត​ក្នុង​ភូមិ​សូ​ភី សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​
លោក​វរសេនីយ៍ទោ ចាប សុ​ផា​រិ​ទ្ធ នាយក​ការិយាល័យ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយមាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ​បាន​ដាក់​វិធានការ​ដល់​កម្លាំង​ជំនាញ​ដើម្បី​ទប់​ស្កាត់​រាល់​បទល្មើស​សេដ្ឋកិច្ច​ដែល​កើតឡើង​នៅក្នុង​ខេត្តបន្ទាយមានជ័យ មាន​ដូចជា​ រថយន្ត​ដែល​ដឹកទំនិញ​សំពីងសំពោង​ដែល​លួច​បង្គាប់​ទំនិញ​រត់​ពន្ធ​គ្មាន​ច្បាប់ ​និង​រថយន្ត​តាក់ស៊ី​លួច​ដឹកទំនិញ​គ្មាន​ច្បាប់​ជាដើម។ លោក​បាន​បន្ត​ថា ក្រោយពី​ដាក់​វិធាន​កម្លាំង​ជំនាញ​សេដ្ឋកិច្ច​របស់​លោក​បាន​ស្រាវជ្រាវ​ឃាត់​បាន​រថយន្ត​ធុន​កាំ​ម៉ា​រី​សេរី​ឆ្នាំ​១៩៩៣​ ពណ៌​ទឹកប្រាក់ ​ដែល​ពាក់​ស្លាក​លេខ​ខាងមុខ​បាត់ដំបង​2A.2722១​គ្រឿង​ ដែល​លួច​ដឹកទំនិញ​គេច​ពន្ធ​ដែល​ម្ចាស់​រត់​គេច​ខ្លួន។ ដោយមាន​ការ​សម្របសម្រួល​ពី​លោក ផាន់ វណ្ណា​រ័​ដ្ឋ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ឆែកឆេរ​ក្នុង​រថយន្ត​នោះ​បាន​រក​ឃើញ​មាន​ទឹក​ផ្លែឈើ​ប្រភេទ​ទឹកក្រូច​ដប​តូច​ដែល​នាំចូល​ពី​ថៃ​ដាក់​ពេញ​ក្នុង​រថយន្ត​ ហើយក៏​បាន​យក​មក​រក្សា​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​តាមច្បាប់។ 
នៅ​ពេល​ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​បាន ​ហៅ​ឲ្យ​មន្ត្រី​គយ​ចូលរួម​ឆែកឆេរ​ដែរ​ តែ​អស់លោក​មិន​ចូលរួម​ព្រោះ​រថយន្ត​តាក់ស៊ី​ដែល​ដឹកទំនិញ​គេចពន្ធ​ចេញពី​ក្រុង​ប៉ោយប៉ែត​មកដល់​ក្រុង​សិរីសោភ័ណ​នេះ​បាន​បង់​ឲ្យ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ខេត្ត​មាននៅ​ផ្លូវ​៥០ ​ភូមិ​កូន​ដំរី ក្រុង​ប៉ោយប៉ែត​ មន្ត្រី​គយ​ និង​គយ​ចល័ត​នៅ​ចំណុច​សាលា​ក្រៅ​ស្រុក​អូរជ្រៅ​រួចរាល់​អស់ហើយ។ រថយន្ត​តាក់ស៊ី​ដឹកទំនិញ​គ្មាន​ពន្ធ​ក្នុង​១​គ្រឿង​១​ខែ​បង់​ជិត​១​លាន​រៀល​ក្នុង​១​ថ្ងៃ​ ដឹក​ប៉ុន្មាន​ជើង​ក៏បាន ​ហើយ​ក្នុង​១​ថ្ងៃ​តាក់ស៊ី​ដែល​ដឹកទំនិញ​គ្មាន​ច្បាប់​ទាំង​ថ្ងៃ​និង​យប់​មិន​តិច​ជាង​៥០​គ្រឿង​ ទើប​ការ​បង្ក្រាប​គ្មាន​វត្តមាន​មន្ត្រី​គយ ​និង​រដ្ឋ​ករ​ចូលរួម​យ៉ាង​ដូច្នេះ៕

Post a Comment

0 Comments

Close Menu