បន្ទាយមានជ័យ ៖ ម្ចាស់រថយន្តដឹកដីដែលបុកហើយកិនលើ២នាក់ប្ដីប្រពន្ធស្លាប់នឹងកន្លែងកើតហេតុ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក បានទូរស័ព្ទគំរាមកូនជនរងគ្រោះថា អ្នកដែលស្លាប់ម្នាក់បង់១.០០០ដុល្លារជាសំណងមិនយកទេប្រយ័ត្នអត់បានលុយមួយរៀល។ ស្ត្រីនោះបានប្រាប់អ្នកយកព័ត៌មានថានាងជាកូនគ្រួសារជនរងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវរថយន្តបែនឆ្នៃបុកហើយកិនពីលើបណ្ដាលស្លាប់នឹងកន្លែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលាម៉ោង១៥និង៤០នាទីតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលស្លាប់២នាក់ប្ដីប្រពន្ធ ដោយប្ដីមានឈ្មោះ សេង ឃុន អាយុ៥៤ឆ្នាំ មានមុខរបបរត់ម៉ូតូឌុប និងប្រពន្ធឈ្មោះ ហួង មាស អាយុ៥៦ឆ្នាំ មានមុខរបបធ្វើលតលក់ ដែលមានកូន៤នាក់ ប្រុសម្នាក់នៅលីវ ស្រីម្នាក់តែរស់ក្នុងបន្ទុកគ្រួសារនៅភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីជាកូនពៅបានប្រាប់ថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ពេលល្ងាចមានបុរសម្នាក់បានទូរស័ព្ទមកដែលមានលេខ០៩៧.៩៦៥.០៩៩៨បានប្រាប់នាងថាខ្លួនគេជាម្ចាស់រថយន្តបែនច្នៃដែលបុក២នាក់ប្ដីប្រពន្ធស្លាប់ ហើយគេបាននិយាយសម្រួលថាជនរងគ្រោះដែលស្លាប់២នាក់ដែលត្រូវរថយន្តបុកគឺគេសុំសម្រួលចំនួន៣.០០០ដុល្លារ។ តែនាងនិយាយតបទៅវិញថារឿងនេះគេប្រគល់ឲ្យសាច់ញាតិខាងម្តាយជាអ្នកដោះស្រាយ។ នាងបានបញ្ជាក់ថា ក្រោយមកបុរសដែលអះអាងជាម្ចាស់រថយន្តនិយាយគំរាមនាងថាបើមិនយកចំនួន៣.០០០ដុល្លារនោះទេ ប្រយ័ត្នអត់បានមួយរៀលព្រោះថា ច្បាប់ចរាចរណ៍អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវបង់ម្នាក់តែ១.០០០ដុល្លារ ហើយសាគួរលុយរត់ក្តីតុលាការក្នុង១លើកអស់មិនតិចជាង២០០ដុល្លារឡើយ។ ហើយនាងសុំឲ្យច្បាប់ចរាចរណ៍និងតុលាការខេត្តជួយរកយុត្តិធម៌ដល់គ្រួសារនាងដែលឪពុកម្ដាយត្រូវរថយន្តបុកស្លាប់ហើយ ត្រូវគេគំរាមទៀត។ លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ប្ដីប្រពន្ធ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ដែលបង្កឡើងដោយរថយន្តបែនច្នៃដឹកដីបត់មកបុកហើយកិនពីលើបណ្ដាលឲ្យស្លាប់នេះជាករណីចេតនាត្រូវមានទោសតាមច្បាប់។ ហើយសំណងទៅលើគ្រួសារជនរងគ្រោះគ្មានច្បាប់ណាមួយកំណត់នោះទេគឺការដោះស្រាយគ្នារវាងភាគីបង្ក និងគ្រួសារជនរងគ្រោះដែលអាចទទួលយកបានតែអ្នកដែលបង្កគ្រោះថ្នាក់ជនរងគ្រោះដល់ស្លាប់ច្បាប់នៅតែមានដាក់ទោសដដែល៕
គង្គា

0 Comments