Ad Code

អាគារ​សាលា​មត្តេយ្យ​ទ្រុឌទ្រោម​១​កន្លែង​ត្រូវ​គេ​វាយ​កម្ទេច​ចោល​

កំពង់ឆ្នាំង ៖ មនុស្ស​២​ទៅ​៣​នាក់​កំពុង​ត្រូវ​បាន​លោកនាយក​សាលា និង​អាជ្ញាធរ​ឃុំ/ស្រុក​ស្វែង​រក​មុខ​ឲ្យ​មក​បកស្រាយ​បំភ្លឺ និង​ឲ្យ​ទទួល​ខុសត្រូវ​ក្នុង​ការ​លួច​វាយ​អាគារ​ថ្ម​សាលា​មត្តេយ្យ​ទ្រុឌទ្រោម​មួយ​កន្លែង​តាម​ទំនើងចិត្ត ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៃ​មន្ទីរអប់រំ​ខេត្ត។ ការ​វាយ​អាគារ​សាលា​មត្តេយ្យ​ទ្រុឌទ្រោម​ខាង​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ។​
នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បាន​និយាយ​ឲ្យ​ដឹង​ថា ទាក់ទង​នឹង​រឿង​ខាង​លើ​នេះ ​នៅ​ថ្ងៃទី​០៣ ខែ​កុម្ភៈ​នេះ លោក​បាន​ទទួល​របាយការណ៍​មួយ​ច្បាប់​របស់​លោក អូ​ង ចាន់​បូ​ណ៌ ប្រធាន​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​រលាប្អៀរ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្រុមការងារ​ចំរុះ​បាន​ចុះ​ត្រួតពិនិត្យ​ដី និង​អាគារ​ទ្រុឌទ្រោម​របស់​មត្តេយ្យ​សាលា​ស្វាយជ្រំ ដែល​ត្រូវ​បាន​គេ​វាយ​បំផ្លាញ​រួច​អស់​ទៅ​ហើយ ដែល​សាលា​មត្តេយ្យ​នេះ​មាន​ទំហំ​៥២៣​ម៉ែត្រការ៉េ អាគារ​មាន​សភាព​បែកបាក់​នៅតែ​គ្រឹះ​សសរ និង​ជញ្ជាំង​បន្តិចបន្តួច​គ្មាន​ដំបូល​ទេ ប៉ុន្តែ​បាន​បញ្ចូល​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​រួចហើយ។​ នៅក្នុង​របាយការណ៍​នេះ​លោក ជា ណុំ ជា​នាយករង​សាលាបឋមសិក្សា​ស្វាយជ្រំ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ ប្រពន្ធ​លោក អៀ គុយ​ម៉ុង ហៅ​ក្តាន់ បាន​មក​សុំ​ធ្វើការ​ឈូស​ឆាយ​ទីធ្លា​នេះ​ដើម្បី​យក​កន្លែង​ធ្វើបុណ្យ តែ​លោក ជា ណុំ បាន​ប្រាប់​ថា​គាត់​មិន​ហាន​អនុញ្ញាតិ​ធ្វើការ​ឈូស​ឆាយ​ទេ។ លុះដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ វេលា​ជាង​ម៉ោង​៥​ល្ងាច​លោកគ្រូ នុត សា​រ៉ា បានឃើញ​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​អាគារ​នោះ​រាប​ដល់​ដី​ទៅ​ហើយ។ នៅ​ព្រឹក​ថ្ងៃទី​២៨ លោក ស៊ីវ ចាន់​ផល នាយក​សាលាបឋមសិក្សា​ស្វាយជ្រំ​បាន​ធ្វើ​លិខិត​ជូនដំណឹង​ទៅ​លោក​មេឃុំ​ស្វាយជ្រំ​ជួយ​ចាត់ចែង និង​អញ្ជើញ​សាមីជន​មក​បំភ្លឺ ព្រោះថា​ដី​សាលា​មត្តេយ្យ​នេះ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ពុំ​មាន​លោក​គ្រូ​ណា​ម្នាក់​មាន​សិទ្ធ​លក់​ដី​សាលា​មត្តេយ្យ​នេះ​ឡើយ ទោះបី​អាគារ​នោះ​ទ្រុឌទ្រោម​គ្មាន​សិស្ស​រៀន​ក៏ដោយ។​
នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក យី ភួ​ន មេឃុំ​ស្វាយជ្រំ​នៅក្នុង​សាលាឃុំ​ស្វាយជ្រំ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​លួច​ឈូស​ឆាយ​អាគារ​សាលា​មត្តេយ្យ​ស្វាយជ្រំ​នេះ លោក​មិន​បានដឹង​ឡើយ។ ក្នុង​រឿង​នេះ​ក៏​មាន​ប្រជាពលរដ្ឋ ជាច្រើន​នាក់​បាន​សង្ស័យ​និង​រិះ​គន់​ថា លោក​ឃុបឃិត​លក់​ដី​នេះ​ជាមួយ​លោកគ្រូៗ​ឲ្យ​គេ​ហើយ ទើប​គេ​ហាន​ឈូស​ឆាយ​អាគារ​សាលា​មត្តេយ្យ​នេះ​។ ​ក្នុង​រឿង​នេះ​លោក​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក​មិន​បាន​ឃុបឃិត​លក់​ដី​សាលា​នេះ​ឡើយ ប្រសិនបើ​មានការ​ពាក់ព័ន្ធ​ក្នុង​ការ​លក់​ដី​នេះ​មែន​នោះ លោក​នឹង​ចេញមុខ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​មិន​រាថយ​ឡើយ។​
នៅ​ល្ងាច​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៥ លោក អៀ គុយ​ម៉ុង ហៅ​ក្តាន់ និង​ប្រពន្ធ​ឈ្មោះ ឃូ សុខ​ឆេង រស់នៅ​ភូមិ​ស្វាយជ្រំ​ថ្មី ឃុំ​ស្វាយជ្រំ ដែល​ត្រូវ​បាន​រង​ការចោទប្រកាន់​ក្នុង​រឿង​ឈូស​ផ្ដួល​សាលា​មត្តេយ្យ​ខាង​លើ​នេះ​បាន​បំភ្លឺ​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា លោក​ទាំង​២​នាក់​ប្ដី​និង​ប្រពន្ធ​មិន​មែន​ជា​អ្នក​ឲ្យ​គេ​វាយ​ឈូស​ឆាយ​ទេ។ សាលា​នេះ ជា​ដី​ចំណី​ផ្លូវ បើ​រដ្ឋ​កសាង​ផ្លូវ​ចេញពី​អាក់​ផ្លូវជាតិ​៣០​ម៉ែត្រ​តាម​គំរោង​មែន​នោះ គឺ​ប៉ះ​ដី​សាលា​នេះ​ទាំងអស់​គ្មាន​សល់​មួយ​ម៉ែត្រ​ឡើយ ហើយ​លោក​ក៏​មិន​បាន​ទិញ​ដី​សាលា​មត្តេយ្យ​នេះ​ពី​អ្នកណា​ដែរ។ កន្លងមក​អាគារ​ទ្រុឌទ្រោម​នេះ​ជា​សំបុក​អ្នក​ជក់​គ្រឿងញៀន​រៀងរាល់​យប់ ដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​សុំ​ឲ្យ​លោកគ្រូៗ​វាយចោល​យូរហើយ ខ្លាច​បាក់​សង្កត់​ក្មេងៗ។​
ទាក់ទង​និង​រឿង​នេះ​កាលពី​ថ្ងៃទី​២៥ ខែមករា ស្ត្រី​ឈ្មោះ ឃូ សុខ​ឆេង បាន​ជូន​បងស្រី​ម្នាក់​ឈ្មោះ​ធី (​ប្រពន្ធ​លោក កែន ជា​ជំទប់​ទី​២​ឃុំ​ស្វាយជ្រំ​)​ជា​អ្នក​រាប់អាន​គ្នា​ក្នុងភូមិ ដែល​មាន​ផ្ទះ​នៅ​ពី​ក្រោយ​សាលា​នោះ ទៅ​សុំ​លោក ជា ណុំ នាយករង​សាលាបឋមសិក្សា​ស្វាយជ្រំ​វាយ​អាគារ​ទ្រុឌ​ទ្រោម​នេះ​ចោល ដើម្បី​យក​កន្លែង​ធ្វើ​រោងបុណ្យ​ក្នុង​ពេល​ខាងមុខ ពេលនោះ​លោក ជា ណុំ បាន​យល់​ព្រម​តែ​មិន​បាន​ធ្វើ​លិខិតស្នាម​អី​ទេ ហើយ​នៅពេល​ស្ត្រី​ឈ្មោះ​ធី ជួល​គ្រឿងចក្រ​មក​វាយ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមករា ម្ចាស់​គ្រឿង​ចក្រ​មិន​ទាំង​យក​ថ្លៃឈ្នួល​វាយ​អាគារ​នោះ​ថែម​ទៀត​ផង តែ​បែរជា​លោក ជា ណុំ ថា​មិនដឹង​មិន​អនុញ្ញាតិ​ទៅវិញ។ លោក អៀ គុយ​ម៉ុង បាន​បញ្ជាក់​ទៀត​ថា លោក​គ្រាន់តែ​ជា​អ្នក​ជួយ​រក​ជួល​គ្រឿងចក្រ​ឲ្យ​ស្ត្រី​ឈ្មោះ​ធី តែប៉ុណ្ណោះ​មិន​មែន​ជា​អ្នក​ឲ្យ​គេ​វាយ​អាគារ​សាលា​នេះ​ទេ ចំណែក​ប្រពន្ធ​គាត់​(​ឈ្មោះ ឃូ សុខ​ឆេង​)​គ្រាន់តែ​ជា​អ្នក​ជូន​ស្ត្រី​ឈ្មោះ​ ធី ដែល​ជា​អ្នក​រាប់អាន​គ្នា​ទៅ​សុំ​លោក ជា​ណុំ នាយករង​សាលា​ស្វាយជ្រំ​ប៉ុណ្ណោះ រឿង​នេះ​មិន​ពាក់ព័ន្ធ​ជា​មួយ​គ្រួសារ​លោក​ទេ អ្នកចោទ​លោក​ខុស​ការ​ពិត​ហើយ៕
(​ឈៀង ថា​រិ​ទ្ធ​)

Post a Comment

0 Comments

Close Menu