Ad Code

គណៈកម្មាធិការ​ខេត្ត​ប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី​ចំណុច​ត្រីកោណ​ ដែល​ត្រូវ​អ្នកមាន​អំណាច​ និង​ប្រជាពលរដ្ឋ​រំលោភ​យក​លក់​

បន្ទាយមានជ័យ ៖ គណៈកម្មាធិការ​ខេត្តបន្ទាយមានជ័យ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​សាល​ប្រជុំ ខ នា​ព្រឹក​ថ្ងៃទី​៤ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥​នេះ។ លោក ​ចុង ​ផែត​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បើក​ការប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី​ចំណុច​ត្រីកោណ​លើ​ផ្ទៃដី​២.២២២​ហិកតា ​ដែល​ត្រូវ​អ្នក​មាន​អំណាច​និង​ប្រជាពលរដ្ឋ​៣​ស្រុក​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ និង​លក់​បណ្ដាក់​គ្នា​ដូច​ខ្យង​។
លោក កែវ តារា​រស្មី មន្ត្រី​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ចំណុច​ភូមិសាស្ត្រ​ត្រីកោណ​ដែល​មាន​ផ្ទៃដី​ចំនួន​២.២២២​ហិកតា​ ដែល​ជា​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋ ត្រូវ​អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​មួយ​ចំណែក​ធំ​ចាប់​អង្កាន់​ចែក​គ្នា​លក់​យ៉ាង​អានាធិបតេយ្យ​រួមមាន​ ១.​ស្រុក​ភ្នំស្រុក ២.​ស្រុក​ស្វាយចេក ៣.​ស្រុក​ថ្មពួក។
លោក ចុង ផែត បាន​មាន​ប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា​ ដោយ​ការ​រំលោភបំពាន​យក​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​នៅ​ចំណុច​ភូមិសាស្ត្រ​ត្រីកោណ​ដែល​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​ស្រុក​៣​មាន​ស្រុក​ភ្នំស្រុក ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ទើប​លោក​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​មក​ប្រជុំ​ដោះស្រាយ​ជាបន្ទាន់ ​ព្រោះ​លើ​ដី​ទំនាស់​ទៅលើ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​ ត្រូវ​ដោះស្រាយ​រក្សា​ទុកជា​របស់​រដ្ឋ ​គ្មាន​អ្នកណា​មួយ​យក​ធ្វើជា​កម្មសិទ្ធិ​បាន​ឡើយ។ លោក ឆាយ ម៉ឺន តំណាង​ប្រជា​ពលរដ្ឋ​ភូមិ​ផ្គាំ​បាន​ប្រាប់​ថា ​ប្រជាពលរដ្ឋ​ភូមិ​ផ្គាំ​ ឃុំ​ផ្គាំ​ ស្រុក​ថ្មពួក ​មាន​ចំនួន​៥៩៨​គ្រួសារ ​ដែល​មាន​ផ្ទៃដី​១.១៩៦​ហិកតា​ ដែល​ធ្វើ​លើ​ដី​សម​ទាន​សង្គមកិច្ច​របស់​រដ្ឋ​ដែល​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០០​រហូតដល់​បច្ចុប្បន្ន។ លោក នាម ថា​ន តំណាង​ប្រជាពលរដ្ឋ​ភូមិ​តា​ត្រៃ​បាន​ប្រាប់​ថា​ ប្រជាពលរដ្ឋ​ភូមិ​តា​ត្រៃ​ឃុំ​គោ​កឋិន ​ស្រុក​ថ្មពួក ​មាន​ចំនួន​១៦១​គ្រួសារ​ ដែល​អាស្រ័យ​ផល​លើ​ដី​សម​ទាន​សង្គមកិច្ច​រដ្ឋ​៣៥០​ហិកតា​ នៅ​អំឡុង​ឆ្នាំ​២០១៤។ លោក លី សំអាន បាន​ប្រាប់​ថា​ ដី​របស់​លោក​មាន​ចំនួន​៣៤០​ហិកតា​ ដែល​ត្រូវ​បាន​គាត់​ប្រមូល​ទិញ​នៅ​អំឡុង​ឆ្នាំ​២០០៥​ដល់​២០០៦​ ដែល​មាន​ឈ្មោះ ប៉ាក សឺ​ង អតីត​ជា​មេឃុំ​គោ​កឋិន​ បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​គោ​កឋិន​ ជា​អ្នក​ណែនាំ​ឲ្យ​ទិញ​ និង​ឈ្មោះ វី ធឿន ជា​អ្នក​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោ​កឋិន ​ស្រុក​ថ្មពួក។ ទិញ​បាន​ដី​ចំនួន​៣៤០​ហិតា​លើ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​ ហើយ​ដី​នេះ​គឺ​មាន​លិខិតស្នាម​មាន​ពី​ភូមិ​.​ឃុំ​.​ស្រុក​ទើប​ហ៊ាន​ទិញ។ លោក​ ចុង ​ផែត​ បាន​និយាយ​ថា​ នៅ​ចំណុច​ដីធ្លី​ត្រីកោណ​មាន​ទំនាស​លើ​ផ្ទៃដី​២.២២២​ហិក​តា​នេះ ​វា​មាន​ទំនាស់​ជាច្រើន​ឆ្នាំ​មក​ហើយ ​ដោយសារតែ​អ្នកមាន​លុយ មានអំណាច​ទិញ​លក់​បន្ត​បន្ទាប់​ធ្វើ​ឲ្យ​ដី​នៅ​ចំណុច​នេះ​មាន​ទំនាស់​មិន​ចេះ​ឈប់​ លោក​នឹង​ប្រជុំ​ដោះស្រាយ​ឲ្យ​បាន​ចប់​នៅ​ពេល​ខាងមុខនេះ៕
គង្គា​

Post a Comment

0 Comments

Close Menu