ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាបកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពីការចុះអនុវត្តន៍ផែនការសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ឆ្នាំ២០១៥-២០១៧ ដល់មន្ត្រីក្រោមឱវាទ ដោយមានសមាសភាពចូលរួមចំនួន៦០រូប។ កិច្ចប្រជុំនោះដឹកនាំដោយលោក ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប តំណាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានអាជ្ញាធរទន្លេសាប។ លោក ហ៊ែល តូនីមានប្រសាសន៍ថា កិច្ចនេះមានគោលបំណងប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពីការចុះអនុវត្តន៍ផែនការ សកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ឆ្នាំ២០១៥-២០១៧ ដល់មន្ត្រីក្រោមឱវាទ។ ផែនការសកម្មភាពការងារនេះ បានឆ្លុះបញ្ចាំពីសកម្មភាពសំខាន់ៗ ក្នុងការចុះអនុវត្តការងារ ប្រមូលចងក្រងព័ត៌មាន ទិន្នន័យដើម្បីចូលរួមចំណែកជួយលើកកំពស់ដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយចីរភាព។
អគ្គលេខាធិការ អាជ្ញាធរទន្លេសាបរូបនោះបន្តថា ផែនការសកម្មភាពការងារបានចែកចេញជា៥ផ្នែកសំខាន់ៗ ហើយផែនការសកម្មភាព២០១៥-២០១៧ ចែកចេញជា៦ទិសដៅ ១៥ផែនការ សកម្មភាព និង៥១សកម្មភាពដែលនឹងត្រូវអនុវត្តន៍ដោយអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញទាំង៤។ លោកបានបញ្ជាក់ផងដែរថា ផែនការសកម្មភាពនេះគឺជាឧបករណ៍យ៉ាងសំខាន់សម្រាប់បង្ហាញទិសជូនដល់មន្ត្រីក្រោមឱវាទក្នុងការអនុវត្តន៍សកម្មភាពប្រចាំឆ្នាំ និងបានយល់ដឹងពីបរិបទការងារទាំងឧបសគ្គ បញ្ហាប្រឈម និងដំណោះស្រាយនានាដើម្បីឲ្យការអនុវត្តន៍សកម្មភាពឆ្នាំ២០១៥នេះទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានការគាំទ្រ និងចូលរួមសហការពីក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តន៍ផែនការសកម្មភាពការងារនៅជំហានបន្តទៀត៕
ឌួងវិរះជ័យ

0 Comments