ភ្នំពេញ ៖ ស្ដ្រីជាឈ្មួញនាំត្រីចិញ្ចឹមមកពីវៀតណាមបានរងរបួសធ្ងន់បន្ទាប់ពីឡានដឹកត្រីរបស់នាងដែលប្ដីជាអ្នកបើកបោះពួយលឿនពេក ព្រោះខ្លាចខកម៉ោងផ្ទេរត្រីនៅតាមទីតាំងបែងចែកផលនេសាទ ជាអកុសលបានបុកជាមួយរថយន្ដសណ្ដោងកុងតឺន័រមួយគ្រឿង ដែលកំពុងបើកបរបត់ចូលទៅឆ្វេងដៃបណ្ដាលឲ្យរថយន្ដទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំផងដែរ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៣ទល់មុខអគ្គបញ្ជាការដ្ឋានកងកម្លាំងវិស្វកម្មនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កជារថយន្តកុងតឺន័រពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខភ្នំពេញ3B-9433 បើកបរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស។ ចំណែករថយន្តរងគ្រោះជារថយន្តកូរ៉េ ម៉ាក គារ ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 2A-7743 បើកដោយបុរសនឹងស្ត្រី២នាក់ បើកក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឲ្យជនរងគ្រោះធ្ងន់ ស្ត្រីជាប្រពន្ធម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត រងគ្រោះម៉ាកគារជារថយន្តដឹកត្រីចេញពីព្រំប្រទល់កម្ពុជាវៀតណាមដោយ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ព្រោះខ្លាចខកខានក្នុងការផ្ទេរត្រីចេញពីរថយន្ដដើម្បីចែកចាយឲ្យម៉ូយ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកចេញពីរង្វង់មូលចោមចៅ ក្នុងទិសដៅពីជើងទៅត្បូងបាន បួងចង្កូតទៅផ្នែកខាងឆ្វេង បញ្ច្រាសទិសដៅចរាចរណ៍បន្ទាប់មក រថយន្តដឹកត្រី ដោយសារបើកលឿនពេកជាន់ហ្វ្រាំងមិនទាន់ក៏បុករះបណ្តាលឲ្យរថយន្តដឹកត្រី រងការខូចខាតមួយចំហៀងខាងស្តាំ និង បណ្តាលឲ្យស្ដ្រីជាប្រពន្ធរបស់តៃកុងឡានរងរបួសធន់ធ្ងរ ចំណែករថយន្តកុងតឺន័រក៏ រងការខូចខាតយ៉ាងដំណំផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗស្ត្រីរងគ្រោះត្រូវបានរថយន្តសាមុយឯកជនដឹកយកទៅសង្គ្រោះភ្លាមៗនៅគ្លីនិកឯកជន ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានមកដល់កន្លែងកើតហេតុ ហើយបានរាយការណ៍ទៅផ្នែកជំនាញសណ្ដាប់ ធ្នាប់ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យភ្លាមៗឲ្យចុះមកចាត់ការអូសយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments