រតនគិរី ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់សហការជាមួយកម្លាំងប៉ុស្តិ៍បាតាងនឹងកម្លាំងប៉ុស្តិ៍កាឡែង បានចុះបង្ក្រាបករណីចែកចាយនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់។
ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោង២នឹង៣០នាទីយប់ រំលងអធ្រាត្រថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ដោយមានកម្លាំងសម្ងាត់ក្នុងការប្រើវិធានការញុះញង់បន្ទាប់មកកម្លាំងសមត្ថកិច្ចឈានដល់ការចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៦នាក់រួមមាន ទី១-ឈ្មោះ ហឿង សេរីបុត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិចាន់ឃុំច្រនៀង ស្រុកបារាយ ខេត្តកំពង់ធំ(អ្នកចែកចាយ) បច្ចុប្បន្នស្នាក់នៅភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់ខេតរតនគិរី។ ទី២-ឈ្មោះ ន្វីង ឃីង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន(ចែកចាយ)។ ទី៣-ឈ្មោះ តត់ លើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន(ចែកចាយ)។ ទី៤-ឈ្មោះ ថត សាំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន(ចែកចាយ)។
អ្នកទាំង៤នាក់មានទីលំនៅភូមិចាងរ៉ាឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ទី៥-ឈ្មោះ ណន វែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិកាឡែក ឃុំកាឡែង ស្រុកលំផាត់(ចែកចាយបន្ត)។ ទី៦-ឈ្មោះ ឈឿន ចាន់ធឿន ភេទស្រី អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិស្វាយចេកឃុំឫស្សីស្រុកពាមជ័រខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់មុខសញ្ញាសេពគ្រឿងញៀន។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សរ សង្ស័យសារធាតុញៀនចំនួន២កញ្ចប់ធំកន្លះ នឹង១២កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក១កញ្ចប់តូច ម៉ូតូ៣គ្រឿង នឹងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments