ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុង បុរី ស៊ន់តូនី ភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ហើយនៅក្បែររោងចក្រផងនោះ បាននាំគ្នារាយការណ៍ ប្តឹងទៅលោក កង វង ចៅសង្កាត់ចោមចៅ១ ឲ្យជួយរកដំណោះស្រាយសមរម្យណាមួយដែលរោងចក្រនៅក្បែរផ្ទះគាត់មួយនេះ កំពុងបំពុលបរិស្ថានធ្ងន់ធ្ងរធ្វើឲ្យពួកគាត់ពិបាករស់នៅ ដូចជាបញ្ហាផ្សែងនិងធូលីហុយ ចេញពីរោងចក្រធ្វើឲ្យពិបាកដកដង្ហើម ពួកគាត់តវ៉ាពីរលើកហើយគ្មានដំណោះស្រាយទេទើបព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពួកគាត់តវ៉ាម្ដងទៀត។
តាមប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា រោងចក្រកាត់ដេរ យីហោ ធីមប៊ឺរមេធ ពេលនេះបាននឹងកំពុងបំពុលបរិស្ថានធ្ងន់ធ្ងរប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ជាពិសេសក្មេងៗនិងចាស់ៗដែលមានសុខភាពទន់ខ្សោយធ្វើឲ្យសុខភាពពួកគាត់រឹតតែឆាប់ទ្រុឌទ្រោមថែមទៀត អ្វីដែលបង្កផលប៉ះពាល់មកលើពួកគាត់នោះគឺបញ្ហា បង្ហុយផ្សែង កាកសំណល់ផ្សេងៗចេញពីរោងចក្រមកបរិយាកាសខាងក្រៅ។ បញ្ហានេះធ្វើឲ្យពិបាកដកដង្ហើម ហើយកន្លងមក ពលរដ្ឋធ្លាប់ ប្តឹង រាយការណ៍ទៅជាអាជ្ញាធរសង្កាត់មួយលើកជាពីរលើករួចមកហើយដែរ តែរហូតមកដល់ពេលនេះ គ្មានដំណោះស្រាយសមរម្យណាមួយជូនពលរដ្ឋឡើយ។
ពលរដ្ឋបន្ដថា ដោយសារអាជ្ញាធរមូលដ្ឋានមិនអាចជួយគាត់បានពួកគាត់បានអំពាវនាវផងដែរដល់ស្ថាប័នពាក់ព័ន្ធមេត្តាជួយចុះមកមើលជាក់ស្ដែងផងថា តើប៉ះពាល់កម្រិតណាដែរហើយថាត្រូវដោះស្រាយជូនពួកគាត់ដោយរបៀបណា។ ចំពោះការនាំគ្នាតវ៉ានេះគេមិនឃើញតំណាងក្រុមហ៊ុនចេញមកចរចាដោះស្រាយជាមួយពួកគាត់ទេពោលគឺគេធ្វើតែមិនដឹងមិនឮអ្វីទាំងអស់ចង់ផ្សែង ធូលី ហុយយ៉ាងណាក៏គេមិនខ្វល់ដែរ៕
Source: Kampuchea Thmey Daily
0 Comments