Ad Code

អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​យន្តការ​ពង្រឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង ខណៈ​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ប្រឈម​និង​ស្មុគស្មាញ



ភ្នំពេញ​ ៖ បើ​ទោះបី​ជា​អាជ្ញាធរ មាន​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​ការ​បង្ក្រាប ទប់ស្កាត់ លើ​បញ្ហា​គ្រឿងញៀន​យ៉ាងណាក៏ដោយ ក៏​សកម្មភាព​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ក្នុង​រាជធានី​ភ្នំពេញ នៅតែ​កើតមាន​ជា​ហូរហែ គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បន្ត​ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​បន្ថែម​ទៀត ដើម្បី​សុខដុម​នីយកម្ម​ក្នុង​សង្គម​ទាំងមូល​។



លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី លទ្ធផល ត្រួតពិនិត្យ​គ្រឿងញៀន ប្រចាំឆ្នាំ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ វិច្ឆិកា​នេះ​បាន​លើក​ឡើង​ថា បញ្ហា​គ្រឿងញៀន នៅតែ​ជា​ក្តី​កង្វល់​និង​ប្រឈម​យ៉ាង​ស្មុគស្មាញ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដោយ​ជនល្មើស​បាន​លួចលាក់​ច្នៃ ផលិត ចរាចរ ជួញដូរ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍន៍​សង្គម​។



លោក​អភិបាលរង​បន្ត​ថា មាន​ប្រជាពលរដ្ឋ យុវជន យុវនារី មួយចំនួន​បាន​ធ្លាក់ខ្លួន​ទៅជា​អ្នក​ញៀន និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ឆ្នាំ ហើយ​ពួកគេ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ក្លាយ​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ដល់​គ្រួសារ សហគមន៍ និង​សង្គម​ទាំងមូល​។

លោក​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ ចំនួន​បទល្មើស​គ្រឿងញៀន​ទូទាំង​ប្រទេស មានការ​ថយ​ចុះ​ប្រមាណ​២០០​ករណី ប៉ុន្តែ​នៅ​មាន​បទល្មើស​កើតឡើង​ជិត​៦​ពាន់​ករណី​ទៀត ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​អនុវត្ត​គោលការណ៍ និង​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។



លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើក​ឡើង​ថា បើ​ទោះ​ជា​ជោគជ័យ​មួយ​កម្រិត ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នេះ​ក៏ដោយ តែ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មិនបាន​សន្តិភាព​ជាមួយ​បទល្មើស​នោះទេ នៅតែ​រក​គ្រប់​យុទ្ធសាស្ត្រ ដើម្បី​បង្ក្រាប ទប់ស្កាត់ និង​អនុវត្ត​នូវ​រាល់​បទបញ្ជា ក៏ដូចជា​ការណែនាំ​របស់​ថ្នាក់លើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​។



លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា បញ្ហា​គ្រឿង​ញៀន​នៅ​លើ​ពិភពលោក មិន​មាន​សញ្ញា​ថយ​ចុះ​នោះ​ទេ ហើយ​តម្លៃ​គ្រឿងញៀន មានការ​ធ្លាក់ចុះ ដែល​បង្ក​ឲ្យ​មាន​ភាព​រីក​រាលដាល​កាន់​តែ​ខ្លាំង រួម​ទាំង​កម្ពុជា​ផង​ដែរ​។



សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨​នេះ បញ្ហា​គ្រឿងញៀន នៅ​លើ​ពិភពលោក នៅតែ​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ទាំង​ការ​ដាំដុះ ផលិត ចរាចរ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន គួរ​ឲ្យ​ព្រួយបារម្ភ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu