បន្ទាយមានជ័យ ៖ ករណីលេចឮថា មណ្ឌលសុខភាពប៉ោយប៉ែត១ នៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងចំកណ្តាលក្រុង ដែលហាងឆេងដីធ្លីឡើងថ្លៃកប់ពពកអាចត្រូវគេរត់ការដោះដូរទីតាំងលក់ហើយ ក្រោយពីលិចឭរឿងនេះ មន្ត្រីជំនាញសាមីសុខាភិបាលនិងមន្ត្រីអាជ្ញាធរដែនដីបានបដិសេធថា គ្មានរឿងនេះកើតឡើងទេ។ មណ្ឌលសុខភាពប៉ោយប៉ែត១ ស្ថិតនៅ ពីខ្លោងទ្វារនិងអគារនៃទីតាំងនៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ខែវិច្ឆិកា មន្ត្រីគ្រប់គ្រងមណ្ឌលសុខភាពនិងប្រធានសន្តិសុខបានចេញមកតវ៉ានិងប្រតិកម្មយ៉ាងខ្លាំងនឹងបណ្តាញអ្នកយកព័ត៌មាន។ មន្ត្រីនោះថ្លែងថា ពួកខ្លួនប្រឆាំងជំទាស់ដាច់ខាតមិនឲ្យចលនាអ្នករត់ការលក់ក្រោមស្លាកដោះដូរទីតាំងមណ្ឌលសុខភាពប៉ោយប៉ែត១នេះជាថ្មីទៀត ដូចកាលពីឆ្នាំ២០១៤ ឡើយ។
ចំណែកលោកវេជ្ជបណ្ឌិត កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រឿងហ្នឹងផ្អើលយូររហើយ ប៉ុន្តែមកទល់ពេលនេះមណ្ឌលសុខភាពប៉ោយប៉ែត១ នេះនៅមានសុវត្ថិភាពនៅឡើយ។ លោកកែវ សុភក្ត្រា បន្តថា សម្រាប់មន្ត្រី បុគ្គលិកពេទ្យនិងសុខាភិបាលតាំងពីថ្នាក់មណ្ឌលសុខភាព មន្ទីរពេទ្យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្តសូមតវ៉ា ជំទាស់នឹងការប៉ុនប៉ងទាំងឡាយណាដែលចង់រត់ការលក់ទីតាំងមណ្ឌលសុខភាពប៉ោយប៉ែត១ នេះ ក៏ដូចមណ្ឌលសុខភាព មន្ទីរពេទ្យដទៃទៀតក្នុងខេត្ត។
ចំពោះ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតប្រាប់អ្នកយកព័ត៌មានដែរថា មណ្ឌលសុខភាពប៉ោយប៉ែត១ នេះនៅទីតាំងចាស់ដដែល គ្មានការដោះដូរពីកន្លែងដីថ្លៃទៅកន្លែងដីថោកនិងនៅឆ្ងាយដាច់ស្រយាលឡើយ។ ទោះយ៉ាងណា មន្ត្រីនិងពលរដ្ឋសម្តែងក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះចលនាព្យុះរត់ការលក់ទីតាំងមណ្ឌលសុខភាពនេះ បើទោះបីថ្នាក់ក្រោមជំទាស់ក៏ដោយ ក៏ខ្លាចធ្លាក់ពីលើមេឃមក ហើយទប់ទល់នឹងព្យុះទឹកប្រាក់មិនជាប់៕
Source: Kampuchea Thmey Daily
0 Comments