កណ្ដាល ៖ ដោយមើលឃើញពីទុក្ខលំបាករបស់មន្ដ្រីក្រោមឱវាទដែលកំពុងត្រូវការជំនួយឧបត្ថម្ភជាចាំបាច់ទោះតិចក្ដីច្រើនក្ដី ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកទើបកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានណែនាំឲ្យតំណាងរបស់លោកផ្ទាល់សហការជាមួយអង្គភាពអាវុធហត្ថស្រុកអង្គស្នួលបានពាំនាំនូវអំណោយជាគ្រឿងឧបភោគ បរិភោគរួមទាំងថវិកាមួយចំនួនយកទៅប្រគល់ជូនគ្រួសារមន្ដ្រីអាវុធហត្ថម្នាក់ដែលប្រពន្ធទើបឆ្លងទន្លេរួចនៅភូមិអង្គស្នួលទី១ឃុំពើកស្រុកអង្គស្នួល។
លោកស៊ូ វណ្ណធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួលបានឲ្យដឹងថា នេះជាការងារមនុស្សធម៌នៅក្នុងអង្គភាពនៃកងរាជអាវុធហត្ថដែលថ្នាក់លើតែងតែយកចិត្តទុកដាក់ដល់គ្រួសារមន្ដ្រីអាវុធហត្ថណាដែលជួបប្រទះនូវការលំបាកជាពិសេសនៅពេលមានករណីចាំបាច់ដូចជាគ្រួសារមន្ដ្រីកងរាជអាវុធហត្ថនេះជាដើម ដោយសារប្រពន្ធទើបនឹងសម្រាលកូនហើយមានជីវភាពមិនសូវធូរធារទៀតផង ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល សំ តុលា ដែលជានិច្ចកាលលោកតែងយកចិត្តទុកដាក់ដល់មន្ដ្រីក្រោមឱវាទក៏បញ្ជាណែនាំឲ្យកម្លាំងថ្នាក់ខេត្តនិងស្រុកចុះយកអំណោយមួយចំនួនទៅផ្ដល់ឲ្យគ្រួសារលោក វ៉ែន ចន្ថាត សមាជិកមន្ដ្រីអាវុធហត្ថស្រុកអង្គស្នួលដែលភរិយារបស់លោកទើបឆ្លងទន្លេរួចកាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ លោកវ៉ែន ចន្ថាត និងភរិយាបានសម្ដែងនូវការដឹងគុណនិងអរគុណដល់លោកឧត្តមសេនីយ៍សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដេន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ សំ តុលា និងលោកស៊ូ វណ្ណធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួលរួមទាំងមន្ដ្រីៗមួយចំនួនទៀតដែលបាននាំយកអំណោយដ៏ថ្លៃថ្លានេះ និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការ ដែលនេះជាសកម្មភាពដ៏ប្រពៃមួយក្នុងការជួយគ្នាក្នុងគ្រាលំបាកទោះបីតិចក្ដីច្រើនក្ដីក៏បានបង្ហាញនូវមនោសញ្ចេតនារវាងមន្ដ្រីថ្នាក់លើនិងថ្នាក់ក្រោមឲ្យកាន់តែមានចំណងសាមគ្គីភាពគ្នាល្អប្រសើរទ្វេឡើងថែមទៀត។
អំណោយដែលទទួលបាននៅពេលនោះរួមមាន កងរាជអាវុធហត្ថខេត្តកណ្តាលបានផ្ដល់ជូននូវថវិកាសរុបចំនួន១លាន៧២ម៉ឺនរៀល (មួយលានចិតសិបពីម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ ក្នុងនោះដែរ លោក វរសេនីយ៍ត្រី ស៊ូ វណ្ណ ធឿន បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមរួមមាន ថវិកា២០ម៉ឺនរៀល អង្ករ០២បាវ ស្មើចំនួន៥០គីឡូ មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ០២យួរ ទឹកត្រី០២យួរ ទឹកស៊ីអ៊ីវ០២យួរ និង ទឹកក្រូច០១កេសផងដែរ៕
Source: Kampuchea Thmey Daily
0 Comments