Ad Code

បញ្ជ្រាប​ចំណេះដឹង លើ​ការកាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែម ដែល​អាច​កើតមាន​ហានិភ័យ​ការ​ធាត់ ទឹកនោមផ្អែម ដង្កូវ​ស៊ី​ធ្មេញ និង​ជំងឺ​បេះដូង



​ភ្នំពេញ​ ៖ សិក្ខាសាលា​ស្តី​ពី​ការ​បញ្ជ្រាប​ចំណេះដឹង អំពី​ការកាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែម ត្រូវបាន​រៀបចំឡើង​ដោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោកស្រី កែវ សុខ​ពិសី អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។



លោកស្រី កែវ សុខ​ពិសី ក្នុង​អង្គ​សិក្ខាសាលា​នោះ បាន​គូស​បញ្ជាក់​ថា ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា ពី​ពេលនេះ​តទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុវត្ត​ការ​ផ្ដួចផ្ដើម ថ្មី​មួយ ស្ដីពី​ការ​បញ្ជ្រាប​ការ​យល់ដឹង​ពី​ការកាត់បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម ជា​សកម្មភាព​មួយ​នៃ​ភាពជា​ដៃគូ ដើម្បី​សុខមាលភាព​ទីក្រុង ដែល​ជា​បណ្ដាញ​ពិភពលោក នៃ​ទីក្រុង ខិតខំ​កាត់បន្ថយ​ជំងឺមិនឆ្លង និង​របួស​។ ភាពជា​ដៃគូ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែឧសភា ឆ្នាំ​២០១៧ និង​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក ឯកអគ្គរដ្ឋទូត សាកល ដើម្បី​ទប់ស្កាត់​ជំងឺមិនឆ្លង និង​អតីត​អភិបាលក្រុង​ញូវយ៉ក Michael Bloombemg​។



លោកស្រី​អភិបាលរង ក៏បាន លើក​ឡើង​ថា ដើម្បី​កាត់បន្ថយ​ការ​ឈឺ និង​ស្លាប់ ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជ្រាប​ការ​យល់ដឹង​អំពី​ការកាត់បន្ថយ ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម ក្នុងចំណោម​ប្រជាពលរដ្ឋ កំពុង​រស់នៅ ក្នុង​រាជធានី​នេះ ជាពិសេស​ផ្តោត​ទៅ​លើ​សិស្សសាលា ដោយ​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ប៉ាណូ​ធំៗ តាម​មហាវិថី​។



បើ​តាម​លទ្ធផល នៃ​ការអង្កេត​ជា​មូលដ្ឋាន​អំពី​ការប្រើប្រាស់​ភេសជ្ជៈ​ផ្អែម ដែល​ក្នុងចំណោម​ប្រជាជន នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ធ្វើ​អង្កេត​នេះ ដើម្បី​ប៉ាន់ប្រមាណ​ឥរិយាបថ​ នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​កំណត់​ពី​ឥរិយាបថ​នៃ​អ្នកប្រើប្រាស់​ភេសជ្ជៈ​ផ្អែម ដើម្បី​វាយតម្លៃ​ចំណេះដឹង​អំពី​ភេសជ្ជៈ​ផ្អែម និង ផល​ប៉ះពាល់ សុខភាព ដែល​បណ្តាល​មក​ពី​ភាព​ជាក់ស្ដែង ,​ដើម្បី​កំណត់​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ ,​ដើម្បី​កំណត់​អំពី​មតិ របស់ សាធារណជន​ឆ្ពោះ​ទៅ​រក​គោលនយោបាយ និង​សកម្មភាព​របស់​រដ្ឋាភិបាល​។ ចំនួន​អ្នកចូលរួម​ក្នុង​ការ​សិក្សា មាន ចំនួន ១០៣៦​នាក់ អាយុ​ពី​១៨​ដល់​៥៥​ឆ្នាំ និង​ភូមិ​ចំនួន​៣០ ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ធ្វើ​សម្ភាស​នេះ ត្រូវ​បាន​រៀបចំ ដោយ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួងសុខាភិបាល​។ ក្នុង​បទ​បង្ហាញ​ក៏បាន​បញ្ជាក់​ថា ពេល​ដែល​យើង ទទួលទាន​ភេសជ្ជៈ​ផ្អែម ធ្វើ​ឲ្យ​ពួក​យើង​មាន​អារម្មណ៍​មិន​ឃ្លាន និង​បរិភោគ​តិច​ជាង​មុន​។ ជា​មធ្យម​សូ​ដា ភេសជ្ជៈ ផ្អែម​១​កំប៉ុង មាន​ជាតិ​ស្ករ​ប្រមាណ​១០​ស្លាបព្រា​កាហ្វេ លើស​ពី​កម្រិត​អង្គការ​សុខភាព​ពិភពលោក កំណត់​ប្រមាណ៦​ស្លាបព្រា​កាហ្វេ​ក្នុង​១ថ្ងៃ​។



ការ​បរិភោគ​ភេសជ្ជៈ​ផ្អែម អាច​កើតមាន​ហានិភ័យ ការ​ធាត់ ទឹកនោមផ្អែម ដង្កូវ ស៊ី​ធ្មេញ ជំងឺ​បេះដូង។ ផល​ប៉ះពាល់​សុខភាព កើត​លើ​ប្រជាជន​កម្ពុជា អាយុ​២៥ឆ្នាំ ទៅ​៦៤ឆ្នាំ ចាប់ពី​ឆ្នាំ ២០១០ ដល់ ២០១៦​។ ការអង្កេត​សុខភាព លើ​សិស្ស​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ មាន​៤២%​នៃ​សិស្ស​បាន​ផឹក​ភេសជ្ជៈ​ផ្អែម។ ទីក្រុង​និង​ប្រទេស ដែល​បង្កើត​គោលនយោបាយ បាន​ដោយ​ជោគជ័យ ក្នុង​ការ​កាត់បន្ថយ​ការ​ទទួល​ទាន ភេសជ្ជៈ​ផ្អែម គឺ​តាមរយៈ​ការ​យក​ពន្ធ​បន្ថែម​លើ​ភេសជ្ជៈ​ផ្អែម ,​កាត់បន្ថយ​ការផ្សាយពាណិជ្ជកម្ម ដែល​មាន​ឥទ្ធិពល​ទៅលើ ការ​ទទួលទាន​របស់​កុមារ ,​រៀបចំ​មន្ទីរពេទ្យ​គំរូ សាលារៀន​គំរូ និង​អង្គការ​ដទៃទៀត ដែល​គាំទ្រ​បរិស្ថាន ចំណីអាហារ មាន​សុវត្ថិភាព​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu