ត្បូងឃ្មុំ ៖ សមត្ថកិច្ចនគរបាលស្រុកក្រូចឆ្មារបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន១ករណី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាលទ្ធផលកម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងរឹបអូសថ្នាំញៀន និងសម្ភារៈមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារបានបញ្ជាក់ឲ្យដឹងថា ករណីបង្ក្រាបនេះ សមត្ថកិច្ចនគរបាលស្រុកក្រូចឆ្មារយើង ក្រោយពីទទួលបានព័ត៌មានពីភ្នាក់ងារបង្កប់នៅមូលដ្ឋាន ថាមានករណី រក្សាទុក ចែកចាយ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចខាងលើ សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយឃ្លាំងបានចុះទៅដល់ផ្ទះរបស់ ឈ្មោះ ថា សុខឈឿន ហៅឡូញ ក៏បានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ រួមមាន ១-ឈ្មោះ ថា សុខឈឿន ហៅឡូញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទះ។ ២-ឈ្មោះ ថន សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងនោះដែរ កម្លាំងបានដកហូតនូវវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យ ជាថ្នាំញៀនចំនួន៨កញ្ចប់តូច និង ដុំពណ៌សថ្លា ចំនួន១ដុំធំ រួមនឹង ឧបករណ៍ប្រើប្រាស់ មួយចំនួនទៀតមាន ដបទឹកសុទ្ធ ទុយោដែកកេះ និងថង់សម្រាប់ច្រកជាដើម។
បច្ចុប្បន្ន ជនសង្ស័យទាំង២រួមនឹង វត្ថុតាងសមត្ថកិច្ចបញ្ជូនទៅស្នងការដើម្បី កសាង សំណុំរឿង បញ្ជូននៅតុលាការចាត់ការតាមនីតិវិធីច្បាប់បន្ត៕
Source: Kampuchea Thmey Daily
0 Comments