ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានចាប់ខ្លួនបុរស២នាក់ កាលពីម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ពីបទសង្ស័យថា ជាមុខសញ្ញាចោរលួចលួចម៉ូតូនិងប្រើថ្នាំញៀនបន្ទាប់ពីបានឆែកឆេរពួកគេកំពុងធ្វើដំណើររកឃើញមានរក្សាទុកនូវដែកកែច្នៃសម្រាប់កាច់បំផ្លាញរន្ធសោម៉ូតូ ដើម្បីលួច។
ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ១. ឈ្មោះ ធឿន អូន ហៅង៉ោល អាយុ១៨ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិរកាគួយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានផ្ទុកសារធាតុញៀនក្នុងទឹកនោម។ ២. ឈ្មោះ នៅ វិច្ឆិកា អាយុ២៤ឆ្នាំ គ្មានមុខរបរមានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ផ្ទុកសារធាតុញៀនក្នុងទឹកនោម)។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ការចាប់ខ្លួនក្រុមជនសង្ស័យខាងលើធ្វើឡើងខណៈដែលពួកគេទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ឌុបនៅតាមបណ្តោយផ្លូវដួងងៀប ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម មកជួបកងកម្លាំងសមត្ថកិច្ចនគរបាលអន្តរាគមន៍របស់ខណ្ឌកំពុងយាមល្បាតនៅទីនោះ ដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យឆែកឆេររកឃើញមានឧបករណ៍ធ្វើពីដែកកែច្នៃ សម្រាប់កាច់បំបាក់សោ ម៉ូតូដើម្បីលួចយក ទើបឃាត់ខ្លួនតែម្តងយកមកសួរនាំ។
ក្រោយពេលនាំខ្លួនមកសាកសួរ និងត្រួតពិនិត្យទឹកនោម បន្ថែមបានរកឃើញថា ពួកគេមានផ្ទុកនូវសារធាតុញៀនទាំងអស់គ្នា ទើបឃាត់ខ្លួនតែម្តង ដើម្បីកសាងឯកសារបញ្ជូនទៅតុលាការ វិនិច្ឆ័យទោស៕
Source: Kampuchea Thmey Daily
0 Comments