Ad Code

ក្រុមហ៊ុន​ឯកជន​មួយ​បញ្ជរ​ឲ្យ​ប៉ូលិស​វាយ​ខ្នោះដៃ​យុវជន​ម្នាក់​ គ្រាន់តែ​រឿង​លួច​យក​ខ្ចៅ​ប៊ូឡុង​មួយ​កញ្ចប់​តូច​ប៉ុណ្ណោះ



ភ្នំពេញ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​វាយ​ខ្នោះដៃ តាម​បណ្តឹង​ចោទប្រកាន់​របស់​ក្រុមហ៊ុន​អគារ​ផ្ទះល្វែង ថៃ ឈុន​គ្រី បាន​ប្តឹង​ចោទ​ថា ជន​នេះ​បាន​លួច​យក​ដែក​យក​ដែក​ខ្ចៅ​ប៊ូឡុង​មួយ​កញ្ចប់​តូច​នៅក្នុង​ការដ្ឋាន​សំណង់​អគារ​បុរី​ផ្ទះល្វែង ថៃ ឈុន​គ្រី ដែល​មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​កាលពី​ម៉ោង​១០​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨។

​តាម​របាយការណ៍​របស់​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សឿន ហ៊ុន ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​ច្រេស សង្កាត់គោកឃ្លាង ខណ្ឌ​សែន​សុខ​។

​ប៉ូលិស​និយាយ នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ជិះ​កង់​ចូលក្នុង​បុរី ថៃ​ ឈុន​គ្រី មក​ធ្វើការ លុះ​ពេល​ត្រឡប់​ចេញ​មក​ផ្ទះ​វិញ​សន្តិសុខ​យាម​ក្រុមហ៊ុន​នេះ​បាន​ឆែកឆេរ​ក្នុង​កាបូប​ស្ពាយ​របស់​ជនស​ង្ស័​យ​រក​ឃើញ​ដែក​ខ្ចៅ​ប៊ូឡុង​សម្រាប់​មួល​ចាប់​ភ្ជាប់​ដែក​អន្ទារ មួយ​កូន​ស្បោង​តូច ទើប​ចាប់ខ្លួន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ហើយ​ខាង​ក្រុមហ៊ុន​ថៃ ឈុន​គ្រី បាន​បញ្ជា​ឲ្យ​សន្តិសុខ​យក​ជនសង្ស័យ​រូបនេះ​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​វាយ​ខ្នោះដៃ​ចាត់ការ​តាមច្បាប់​តែម្តង ដោយ​ឲ្យ​បុគ្គលិក​ផ្នែក​សន្តិសុខ​ម្នាក់ ឈ្មោះ ច័ន្ទ ចរណៃ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ធ្វើជា​តំណាង​ក្នុងការ​ប្តឹង​ចោទប្រកាន់​ជននេះ​តាមផ្លូវ​ច្បាប់។

​ចំណែក​ឯខាង​សមត្ថកិច្ច​ប៉ូលិស​វិញ បាន​ចាប់​ជន​នេះ​វាយ​ខ្នោះដៃ​និង​ចាប់​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ត្រៀម​បញ្ជូន​ទៅ​ឲ្យ​ខាង​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​យោង​តាម​បណ្តឹង​ចោទប្រកាន់​របស់​ខាង​ក្រុមហ៊ុន។

ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ដែក​ខ្ចៅ​ប៊ូឡុង​សម្រាប់​ចាប់​ភ្ជាប់​ដែក​អន្ទារ នៅក្នុង​ក្រុមហ៊ុន ថៃ ឈុន​គ្រី នេះ​មែន​ដោយសារតែ​គ្មាន​ប្រាក់​ចាយ​គ្រប់គ្រាន់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu