Ad Code

ក្រុមហ៊ុន​អ្នកឧកញ៉ា ឃុន​ សៀ ផ្តល់​ថវិកា​ដល់​សិស្ស​ក្រីក្រ​និង​លោកគ្រូ​អ្នក​បឋមសិក្សា​ច្បារអំពៅ​ក្នុង​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​២០១៨-២០១៩



ភ្នំ​ពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១​ ខែវិច្ឆិកា​នេះ​ ក្រុមហ៊ុន​អ្នកឧកញ៉ា ឃុន ​សៀ បាន​នាំ​យក​អំណោយ​ជា​ថវិកា​ផ្តល់​ដល់​សិស្ស​ក្រីក្រ​និង​លោកគ្រូ​អ្នកគ្រូ​សាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១​ក្នុង​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​២០១៨-២០១៩។

ថវិកា​របស់​អ្នកឧកញ៉ា ឃុន សៀ ផ្តល់​ដល់​សិស្ស​ក្រីក្រ​ដែល​កំពុង​សិក្សា​នៅ​សាលា​បឋម​សិក្សា​ច្បារអំពៅ​ទី​១​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ចំនួន​១២៤​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៥០០០០​រៀល​។ លោកគ្រូ​អ្នកគ្រូ​ចំនួន​៤៣​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៨០០០០​រៀល​។



លោកនាយក​រង​និង​នាយិកា​រង​ចំនួន​ពីរ​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​១៥០០០០​រៀល។ លោកនាយក​សាលា​ទទួល​បាន​៣០០០០០​រៀល​។

ក្នុង​ពិធី​បើក​បវេសនកាល​នៅ​សាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១​នេះ​ក្រោម​អធិបតីភាព​លោក​ញាណ​ ចាន់​សោភា នាយករង​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​តំណាង​លោក​អភិបាលខណ្ឌ​និង​លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​ ព្រមទាំង​មានការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​។



​តាម​ប្រសាសន៍​លោក​ពៅ ​ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ជម្រាប​ជូន​ដល់​អង្គពិធី​ថា​ ក្នុង​ថ្ងៃ​បើក​បវេសនកាល​ថ្ងៃនេះ​គឺ​លោកគ្រូ​និង​អ្នកគ្រូ​រួម​ទាំង​សិស្ស​ក្រីក្រ​នៅក្នុង​សាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១​បាន​ទទួល​ថវិកា​ពី​ក្រុមហ៊ុន​អ្នកឧកញ៉ា ឃុន សៀ ក្នុង​ថ្ងៃ​បើក​បវេសនកាល​ដែល​អំណោយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អ្នកឧកញ៉ា​បាន​ផ្តល់​សិស្ស​ក្រីក្រ​និង​លោកគ្រូ​អ្នកគ្រូ​ជា​រៀងរាល់​ឆ្នាំ​មិនដែល​ខកខាន​ឡើយ​។



លោក​ចៅសង្កាត់​បាន​បន្ត​ថា​ ជានិច្ចកាល​អ្នកឧកញ៉ា ​ឃុន សៀ បាន​ជួយឧបត្ថម្ភ​ថវិកា​ជួយ​ដល់​សាលា​ដើម្បី​ឲ្យ​សិស្ស​បាន​រៀនសូត្រ​មាន​ចំណេះដឹង​គ្រប់ៗ​គ្នា​ហើយ​ជៀសវាង​ការបោះបង់​ការរៀនសូត្រ​ទៅ​សេពគប់​អ្នក​ខិលខូច​។​ សាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១​នេះ​គឺជា​ថ្នាល​បណ្តុះបណ្តាល​ដល់​បុត្រា បុត្រី​របស់​អ្នកឧកញ៉ា​ឃុន សៀ ដែល​មកដល់​ថ្ងៃ​បុត្រា បុត្រី អ្នកឧកញ៉ា​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​រហូតដល់​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​បាន​រីកចម្រើន​ដល់​ថ្ងៃនេះ​និង​ពុំ​ដែល​ធ្វើ​អ្វី​ឲ្យ​អ្នកឧកញ៉ា​មាន​ក្តី​ព្រួយ​បារម្ភ​ឡើយ។



​ក្នុង​ឱកាស​នេះ​ដែរ​លោក​យូ ភីរុណ នាយក​សាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១​បាន​សំដែង​នូវ​ការ​អរគុណ​ដល់​ក្រុមហ៊ុន​អ្នកឧកញ៉ា​ឃុន សៀ ដែល​តែងតែ​ជួយឧបត្ថម្ភ​ថវិកា​និង​សម្ភា​រ​សិក្សា​ដល់​សិស្ស​ពូកែ​និង​សិស្ស​ក្រីក្រ​រួម​ទាំង​លោកគ្រូ​អ្នកគ្រូ​ជា​រៀងរាល់​ឆ្នាំ​មិនដែល​ខកខាន​ឡើយ​។ ​នេះ​គឺជា​សន្តាន​ចិត្ត​ដ៏​សប្បុរសធម៌​របស់​អ្នកឧកញ៉ា​ដែល​ធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​និង​អាណាព្យាបាល​សិស្ស​មិនអាច​បំភ្លេច​គុណ​របស់​អ្នកឧកញ៉ា​ជា​រៀងរហូត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu