កំពង់ស្ពឺ ៖ វត្តព្រះគោពោធិ៍ព្រឹក្ស ដ៏អត្តខាត់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានសំណាងខ្ពង់ខ្ពស់ទទួលបានបច្ច័យកឋិនទានរបស់លោកឧកញ៉ាលី សាម៉េតនិងលោកឧកញ៉ាឌី ប៉ូ ចំនួនជិត២០០លានរៀលសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត បូករួមនឹងបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្តជាង៨លានរៀល, ទន្ទឹមនោះលោកឧកញ៉ាទាំង២រូបបានឧបត្ថម្ភបច្ច័យប្រមាណ៥០លានរៀលបន្ថែមទៀតទៅលើការចំណាយផ្សេងៗលើសពីការសន្យា ទៅទៀត។
លោកឧកញ៉ាលី សាម៉េត(ហៅលោកគ្រូមា)មានប្រសាសន៍ក្នុងពិធីបុណ្យកឋិនទានខាងលើនោះថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ទើបលោកមានឱកាសធ្វើបុណ្យកឋិនទាន ហើយបានដង្ហែមកវត្តព្រះគោពោធិ៍ព្រឹក្ស នាព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
លោកឧកញ៉ាលី សាម៉េត មានប្រសាសន៍បន្តថា រូបលោកនិងលោកឧកញ៉ាឌី ប៉ូ ធ្លាប់បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅវត្តព្រះគោពោធិ៍ព្រឹក្ស ហើយបានសន្យាចំពោះព្រះភក្តិព្រះចៅអធិការវត្តថា «លោកទាំងពីរនឹងដង្ហែអង្គកឋិនទានចូលមកវត្តព្រះគោពោធិ៍ព្រឹក្សនេះ»។ គោរពតាមពាក្យសន្យា លោកទាំងពីរបានដង្ហែអង្គកឋិនទាននិងនាំមកនូវថវិកាចំនួន១៥០លានរៀលដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត។
ដោយឡែកបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្តមានចំនួនជាង៨លានរៀល។ ក្រៅពីនោះលោកឧកញ៉ាបានប្រគេនបច្ច័យដល់វត្តចំនួន៥ផ្សេងទៀតនិងបានចំណាយដល់ការងារទូទៅប្រមាណជិត៥០លានរៀលបន្ថែមទៀតហើយសន្យាបន្តជួយវត្តដែលអត្តខាត់ផ្សេងៗបន្តទៀត។
សូមបញ្ជាក់ថា ពិធីសាសនា បុណ្យកឋិនទានខាងលើនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍៧រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ លុះនៅព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៨បានដង្ហែឆ្ពោះទៅវត្តព្រះគោពោធិ៍ព្រឹក្សដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
នៅវេលាម៉ោង១២ថ្ងៃត្រង់បានដង្ហែប្រទក្សិណជុំវិញព្រះវិហារ៣ជុំ ឡើងលើព្រះវិហារ រួចវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។
ដើម្បីរក្សាសុវត្ថិភាពដល់ព្រះចៅអធិការវត្ត លោកឧកញ៉ាលី សាម៉េត បានបញ្ចូលបច្ច័យទាំងអស់ដាក់នៅធនាគារវិញ ពេលត្រូវការកសាងវត្តអារាមអាចយកទៅប្រើប្រាស់បានគ្រប់ពេល៕
Source: Kampuchea Thmey Daily
0 Comments