ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាស្ថាបនិកនៃគម្រោងភ្នំពេញស្អាតបានមានប្រសាសន៍ថា យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៨នេះនឹងជួយផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋក្នុងការទុកដាក់និងចោលសំរាមឲ្យបានត្រឹមត្រូវដើម្បីចូលរួមលើកកម្ពស់បរិស្ថានក៏ដូចជាសោភ័ណភាពទីក្រុងកាន់តែស្រស់ស្អាតថែមទៀត។
ថ្លែងក្រោយពិធីបើកយុទ្ធការភ្នំពេញស្អាតឆ្នាំ២០១៨កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោក ហ៊ុន ម៉ានីបានមានប្រសាសន៍ថា នេះជាឆ្នាំទី២ហើយដែលគម្រោងភ្នំពេញស្អាតបានរៀបចំយុទ្ធនាការភ្នំពេញស្អាតហើយសម្រាប់ឆ្នាំនេះគោលបំណងចម្បងនៃយុទ្ធនាការស្អាតឆ្នាំ២០១៨នេះ គឺដើម្បីធ្វើការបណ្តុះផ្នត់គំនិតថ្មីៗនិងការចូលរួមបន្ថែមក៏ដូចជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានក៏ដូចជានៅរាជធានីភ្នំពេញយើងមានសោភ័ណ្ឌភាពនិងស្រស់បំព្រងថែមទៀត។
លោកបានបន្តថា កត្តាដែលជំរុញឲ្យមានការជោគជ័យដោយសារមានក្រុមការងារមានឆន្ទៈ ជំនឿជឿជាក់និងផែនការច្បាស់លាស់ក្នុងការអនុវត្តការងារពិសេសមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានាហើយលោកលោកសង្ឃឹមថា យុទ្ធនាការភ្នំពេញស្អាតនេះ នឹងក្លាយជាដំណោះស្រាយចំពោះបញ្ហាសំរាមនៅកម្ពុជាតាមរយៈការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ក្នុងការការពារបរិស្ថាន សោភ័ណភាពនិងសុខុមាលភាពជួនដល់ប្រជាជនយុវជន និងកុមារបានយល់ដឹងដើម្បីចូលរួមអនុវត្តថែរក្សាបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការទុកដាក់សំរាមមិនបានត្រឹមត្រូវមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសោភ័ណភាពមិនស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សុខភាពដូចជាឆ្លងជំងឺផ្សេងៗតាមរយៈក្លិនស្អុយនិងវិស័យទេសចរណ៍ផងដែរ។
លោកបានស្នើឲ្យយុទ្ធនាការស្អាតនេះ ពង្រីកការអប់រំផ្សព្វផ្សាយក៏ដូចជាសារអប់រំផ្សេងៗពាក់ព័ន្ធនឹងសំរាមនេះដល់ប្រជាពលរដ្ឋបានយល់ដឹងឲ្យកាន់តែច្រើនថែមទៀតដើម្បីកែទម្លាប់ដែលការបោះចោលសំរាមពាសវាលពាសកាលមកទុកដាក់នៅតាមធុងសំរាមនិងវេចខ្ចប់ឲ្យបានត្រឹមត្រូវ។
យ៉ាងណាក៏ដោយលោក ទទួលស្គាល់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមានការប្រែប្រួលឥរិយាបថខ្លះៗហើយក្នុងការទុកដាក់និងចោលសំរាមនេះ។
លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជានិងជាស្ថាបនិកនៃគម្រោងភ្នំពេញស្អាតបានមានប្រសាសន៍ថា «យុទ្ធនាការភ្នំពេញស្អាត» នេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ហើយឆ្នាំនេះ គឺជាឆ្នាំទី២នៃ យុទ្ធនាការភ្នំពេញស្អាត នឹងប្រព្រឹត្តឡើងពេញមួយខែវិច្ឆិកាជាមួយនឹងប្រធានបទថ្មីៗទាក់ទងនឹងការគ្រប់គ្រងសំរាម រហូតទាល់តែប្រជាពលរដ្ឋគ្រប់រូបកែទម្លាប់ និងប្តូរឥរិយាបថក្នុងការទុកដាក់សំរាមអោយបានត្រឹមត្រូវ ពោលគឺលែងមានសំរាមធ្លាក់ដល់ដីនៅទីក្រុងភ្នំពេញ ឲ្យដូចពាក្យស្លោករបស់យុទ្ធនាការភ្នំពេញស្អាត «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ» ។
លោកបានបន្តថា យុទ្ធនាការនេះមានសកម្មភាពចំនួន ៩ ធំៗរួមមានសិក្ខាសាលាស្ដីពីការបញ្ជ្រាបការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជនចំនួន៣៤ គ្រឹះស្ថានអប់រំ បើកវេទិកាវោរហាស័ព្ទជាសាធារណៈ, ការបំផុសយុទ្ធនាការតាមរយៈSocial media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត», ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី, បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន«ស្អាត» ឲ្យបានទូលំទូលាយ, បន្តការផ្សព្វផ្សាយបទចំរៀងភ្នំពេញស្អាត និងខ្លីបវីដេអូតុក្កតាខ្លីអប់រំពីការថែរក្សាអនាម័យទីក្រុង តាមរយៈស្ថានីយទូរទស្សន៍ និងប្រព័ន្ធសារព័ត៌មាន។ល។
«យុទ្ធនាការភ្នំពេញស្អាត» គឺសំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមចំណែកទទួលខុសត្រូវរួមគ្នាក្នុងទិសដៅរួមគ្នាគឺ «ស្អាត» បានន័យថា «គ្មានសំរាមពាសវាលពាសកាល»។ ហេតុនេះ បាននាំឲ្យគោលបំណងជាសារវន្តរបស់ «យុទ្ធនាការភ្នំពេញស្អាត» គឺផ្ដោតទៅលើការផ្លាស់ប្ដូរឥរិយាបថតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រោមពាក្យស្លោក៖ “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
គួរបញ្ជាក់ថា យុទ្ធនាការភ្នំពេញស្អាត ត្រូវបានបង្កើតឡើងនៅក្នុងខែវិចិ្ឆកា ឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីបណ្តុះគំនិងដល់ប្រជាពលរដ្ឋឲ្យចេះទុកដាក់និងចោលសំរាមឲ្យបានត្រឹមបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួននៅតែបន្តចោលសំរាមពាសវាលពាសកាលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសោភ័ណភាពទីក្រុង៕
Source: Kampuchea Thmey Daily
0 Comments