បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះលោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ បានដឹកនាំកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់របស់ក្រុមហ៊ុន សាំង គង់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា លោកបញ្ជាឲ្យកម្លាំងអាវុធហត្ថចុះបង្ក្រាបនេះដោយទទួលបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេសត្រូវចុះបង្ក្រាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្ទ្រានយកដីរដ្ឋ កាយដីភ្នំលក់ដោយខុសច្បាប់ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់ជាដើម។
លោកបញ្ជាក់ឲ្យដឹងទៀតថា ការចុះបង្ក្រាបនេះមានកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន៦នាក់ និងដកហូតវត្ថុតាងរួមមាន អេស្កាវ៉ាទ័រ ចំនួន៣គ្រឿង និងរថយន្តដឹកដី ចំនួន៩គ្រឿងក្រោយពីឃាត់ហើយកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments