តាកែវ ៖ ជនរងគ្រោះបីនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ក្នុងភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ប៉ូលិសចរាចរណ៍ស្រុកត្រាំកក់បានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របទិសគ្នា ដោយម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ តាកែវ 1F-8901 បើកបរដោយឈ្មោះ វ៉ាន់ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសស្រាល និងមានអ្នករួមដំណើរម្នាក់ពីក្រោយឈ្មោះ ស៊ីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់។
ប៉ូលិសបន្តថា ជនរងគ្រោះទាំងពីរនាក់បើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបត់ឆ្លងថ្នល់ទៅទិសខាងកើត ខណៈនោះបានបុកគ្នាជាមួយម៉ូតូមួយគ្រឿងដែលមកពីក្រោយម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FM-9406 បើកបរដោយឈ្មោះ ឡុញ សុបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសស្រាល។
ក្រោយកើតហេតុជនរងគ្រោះទាំងបីនាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំអង្គតាសោម ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments