ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់បែបនេះ នៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីសារព័ត៌មាននេះ បានធ្វើការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែមានជំហររិះគន់រដ្ឋាភិបាល។
សេចក្តីបំភ្លឺរបស់ក្រសួងលើកឡើងថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយ ដែលបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ ដោយអនុលោមទាំងស្រុងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ពីវិធានការបន្ថែមទៀត ក្នុងចំណោមវិធានការសំខាន់ៗដទៃទៀត ដើម្បីលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបន្តថា មកដលពេលនេះ អង្គភាពផ្សព្វផ្សាយជាច្រើនកំពុងធ្វើប្រតិបត្តិការដោយសេរី ដោយសារពួកគេធ្វើប្រតិបត្តិការស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រួមមានការបំពេញកាតព្វកិច្ចបង់ពន្ធ។
តាមក្រសួងការបរទេស ក្រោយពីចេញសេចក្ដីថ្លែងការណ៍នេះ សារព័ត៌មាន ឌឹខេមបូឌាដេលី បានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែមានជំហររិះគន់រដ្ឋាភិបាល។
ក្រសួងថា នេះជាការចោទប្រកាន់ដោយគ្មានការពិត និងគ្មានសច្ចៈភាពទាល់តែសោះ។ ជាក់ស្ដែង អង្គភាពផ្សព្វផ្សាយជាភាសាខ្មែរ និងបរទេសជាច្រើន ដែលបានអនុវត្តតាមទាំងស្រុងចំពោះច្បាប់ជាធរមាន បានបន្តប្រតិបត្តិការផ្សព្វផ្សាយ និងប្រើប្រាស់សិទ្ធបញ្ចេញមតិរបស់ខ្លួន ដោយគ្មានការរំខាន។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ សារព័ត៌មានឌឹខេមបូឌាដេលី បានដំណើរការអាជីវកម្មរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៧មក ដោយមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនោះឡើយ។
ក្នុងករណីនេះនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជូនលិខិតមួយច្បាប់ទៅសារព័ត៌មាន ឌឺខេបូឌា ដេលី ដើម្បីមកដោះស្រាយពន្ធមិនបានបង់ ដែលមានទឹកប្រាក់៦,៣លានដុល្លារអាមេរិក ហើយដែលសារព័ត៌មានឌឺខេបូឌា ដេលី មានរយៈពេល៣០ ថ្ងៃក្នុងការឆ្លើយតប។
ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់សារព័ត៌មាននេះ មិនបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងបានលើកពេលណាត់ជួបជាច្រើនលើក ហើយសារព័ត៌មាននេះ ក៏បានបញ្ឈប់ប្រតិបត្តិការផ្សាយដោយខ្លួនឯង ដោយសារតែការខកខានមិនបានបំពេញកាតព្វកិច្ចពន្ធ ស្របទៅតាមច្បាប់ពន្ធដារ។
ក្រោយពេលកាលបរិច្ឆេទ៣០ថ្ងៃ បានកន្លងផុតទៅ អគ្គនាយកដ្ឋានពន្ធដារមិនមានជម្រើសអ្វីក្រៅតែពីអនុវត្តវិធានការស្របតាមច្បាប់ពន្ធដារ ដោយរួមមានការបិទគណនីធនាគាររបស់សារព័ត៌មានឌឺខេមបូឌាដេលី។
ការតម្រូវឲ្យបង់ពន្ធនេះ មិនមែនផ្ដោតចំពោះតែសារព័ត៌មានឌឹខេមបូឌាដេលី នោះទេ។ ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញករណីជាច្រើនទៀតពាក់ព័ន្ធនឹងការមិនគោរពកាតព្វកិច្ចពន្ធ ហើយវិធានការច្បាប់នានា ត្រូវបានអនុវត្ត ដើម្បីបង្កើនសមត្ថភាពក្នុងការប្រមូលចំណូលពន្ធដារ។
ករណីស្រដៀងគ្នានេះដែរដែលគួរត្រូវលើកមកបង្ហាញ គឺវិទ្យុអាស៊ីសេរី (RFA)។ ទីភ្នាក់ងារព័ត៌មាននេះ មិនបានទទួលច្បាប់អនុញ្ញាតណាមួយសម្រាប់ធ្វើប្រតិបត្តិការទេ។ ហេតុដូចនេះ អគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យអង្គភាពនេះ មកធ្វើការបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចពន្ធរបស់ខ្លួន។ ដោយខកខានមិនអាចបំពេញកាតព្វកិច្ចច្បាប់បាន វិទ្យុអាស៊ីសេរី បានបិទការិយាល័យ និងបញ្ឈប់បុគ្គលិករបស់ខ្លួន ហើយចាប់ផ្ដើមធ្វើប្រតិបត្តិការជាសំងាត់នូវរបៀបវារៈ ដែលអវិជ្ជាជីវៈ ក្នុងការបង្ខូចកិត្តិនាមរាជរដ្ឋាភិបាលកម្ពុជា និងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឲ្យដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការសោកស្ដាយចំពោះការចោទប្រកាន់ដែលមានចរិតនយោបាយ ដែលធ្វើឡើងដោយសារព័ត៌មានឌឹខេមបូឌាដេលី ហើយសូមបញ្ជាក់សាជាថ្មីម្ដងទៀតថា ក្នុងករណីដែលសារព័ត៌មាន ឌឹខេមបូឌាដេលី បានបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនសព្វគ្រប់នោះ សារព័ត៌មាននេះ នឹងអាចបន្តប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន៕
Source: Kampuchea Thmey Daily
0 Comments