Ad Code

វង្ស ណ​យ ជួប​ ឈោ​គ ណាំ​ឆ័យ , ហេង វាសនា ជួប ហ្វា និមិត្ត នៅ​សង្វៀន​ស្ទឹងមានជ័យ ​ថ្ងៃ​សុក្រ​នេះ​



ប្រដាល់ ៖ វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នា​យប់​ថ្ងៃ​សុក្រ​ ទី​១៤ ខែ​ធ្នូ ​ឆ្នាំ​២០១៨​នេះ។

សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់​វង្ស ណ​យ គឺជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ​ ឈោ​គ ណាំ​ឆ័យ​(Chhorknamchai Phran 26) ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ​ទេ​កន្លងមក។ វង្ស​ណ​យ ត្រូវ​ជួប​ប្រកួត​ជាមួយ ​ឈោ​គ ណាំ​ឆ័យ ​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។

បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​ដែលជា​គូ​របស់ ​វង្ស ណ​យ​ នោះ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយរូប​ប្រចាំ​នៅ​ទូរទស្សន៍​ក្នុង​ប្រទេស។​
​ ​
វង្ស ណ​យ គេ​ទើបតែ​ប្រកួត​កាលពី​ចុង​សប្ដាហ៍​មុន​ (០៨​ធ្នូ​២០១៨) ដោយ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Phat Many ក្នុង​ទឹក​ទី​៤។ ​សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ ឈោ​គ ណាំ​ឆ័យ ពេលនេះ មិនដឹងថា វង្ស ណ​យ ស្ទុះ​បាន​ប៉ុន្មាន​ទឹក​នោះ​ឡើយ ព្រោះថា​ការ​ចាញ់​របស់​ វង្ស ណ​យ ​កន្លង​មក​នេះ គឺ​ពុំ​មែន​ចាញ់​ដោយសារ​បច្ចេកទេស​អន់​ខ្សោយ​នោះ​ទេ ផ្ទុយទៅវិញ​ដោយសារតែ​អន់​កម្លាំង​កាយសម្បទា​(​ស៊ុ​ហ្វ​)​មិន​រឹងមាំ​តែប៉ុណ្ណោះ។​ ហើយ​នេះ ក៏​អាស្រ័យ​ដោយសារ​ការ​ហ្វឹកហាត់​មិន​ដិតដល់​ផង​ដែរ​។​

ដូច្នេះ ចាំ​មើល​ការ​ជួប​គ្នា​រវាង​ វង្ស ណ​យ និង ឈោ​គ ណាំ​ឆ័យ នេះ តើន​រណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នោះ?។ វង្ស ណ​យ មាន​ចំនួន​១៨៩​លើក ឈ្នះ​១២៥​លើក ចាញ់​៥៩​លើក និង​ស្មើ​៥​លើក និង ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​២៨​លើក។

ចំណែក ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ហ្វា និមិត្ត (Farnimit Phran 26 )​ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

ហេង វាសនា ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​ពុំ​ធ្លាប់​ដែល​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ​ទេ​កន្លងមក ដោយ​ធ្លាប់តែ​ជួប​ជាមួយ​អ្នក​ប្រដាល់​អឺរ៉ុប​បាន​២​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​១ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​អ៊ីរ៉ង់​លើកចុងក្រោយ​នោះ (២៥​វិច្ឆិកា​២០១៨) គេ​បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ Mikaell Ebrahim។​

ហេង វាសនា មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៥៧​លើក ក្នុងនោះ​វាយ​ឈ្នះ​៤០ លើក ចាញ់​១២​លើក​និង​ស្មើ​០៥​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា វាសនា អាច​យកឈ្នះ ហ្វា​និមិត្ត បាន​ឬក៏​អត់​នោះទេ​?។​

​ហ្វា​និមិត្ត គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​៣-៤​លើក​ហើយ។ គេ​ជា​ជើង​ខ្លាំង ដែល​មាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។ ដូច្នេះ ហេង វាសនា ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការ​លំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ ​និង​ខ្លាំង។ តែ​បើ​អាច​ឈ្នះ​បាន គឺ​មាន​តែ​ការ​វាយ​ប្ដូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជា​មួយ​នឹង​ជ័យជំនះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៥៥​លើក ចាញ់​១៤​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​ហេង វាសនា និង ហ្វា​និមិត្ត តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ អ៊ួ​ង អូន ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ ចំណែក ណាត ប៊ុន​លក្ខ អ្នក​ប្រដាល់​ក្លិប​កំរៀង​សែន​ជ័យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​អ៊ឹម បា​បេ សមាគម​កីឡា​ក្រសួងការពារជាតិ ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​ដែរ។

ដូច្នេះ​នៅ​ខ្វះ​ម្នាក់ទៀត ដែល​ត្រូវ​បង្គ្រប់​ចំនួន​៥​រូប​នោះ គឺ​តម្រូវ​ឲ្យ​មានការ​ប្រកួត​យក​ម្នាក់​បន្ថែម រវាង​អ្នក​ដែលមាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល​នីមួយៗ ហើយ​អ្នកណា​ឈ្នះ គឺ​អ្នក​នោះបាន​ឡើងទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ​ថៃ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu