Ad Code

កម្ពុជា​ គ្រោង​នឹង​បញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​២០០​នាក់ ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ ជា​លើកដំបូង​ នៅ​ដើម​ឆ្នាំ​ក្រោយនេះ​



ភ្នំពេញ​ ៖​ កម្ពុជា​ គ្រោង​នឹង​បញ្ជូន​ពលករ​ខ្មែរ​ពី​១០០​ ទៅ​២០០​នាក់​ ជា​លើកដំបូង ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​ផ្លូវការ​ នៅ​ដើមឆ្នាំ​ក្រោយ​នេះ ហើយ​ បន្ទាប់ពី​បាន​ផ្អាក​រយៈពេល​៧​ឆ្នាំ​រួចមក​។​

លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១១​ ខែធ្នូ​ឆ្នាំ​២០១៨ ​ថា​ កា​រ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​នេះ​មិន​ត្រឹមតែ​ជួយ​ពង្រីក​ទីផ្សារ​ពលកម្ម​នៅ​ក្រៅ​ស្រុក​ប៉ុណ្ណោះ​ទេ ​គឺ​ថែមទាំង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​

លោក ​អន ប៊ុន​ហាក់ ​បាន​បន្ត​ថា​ ពលករ​ខ្មែរ​ដែល​គ្រោង​នឹង​បញ្ជូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ខាង​មុខ​នេះ ​គឺ​ផ្តោតទៅលើ​ជំនាញ​សេវាកម្ម សំណង់ កសិកម្ម​ និង​ឧស្សាហកម្ម​ តាមរយៈ ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ក្នុងស្រុក​។​

លោក​បាន​បន្ថែមទៀតថា ​មុននឹង​បញ្ជូន​នេះ​សមាគម​បានធ្វើការ​បណ្ដុះបណ្ដាល​ដ​ល់​ពលករ​ជាមុន​សិន​ចាប់ពី​២​ខែ​ ដល់​៤​ខែ​ សម្រាប់​ពលករ​ថ្មី​ ដោយ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ភាសា​អង់គ្លេស ច្បាប់​ស្ដីពី​កិច្ចសន្យាការងារ សិទ្ធិ​ និង​កាតព្វកិច្ច​ពលករ​ និង​និយោជក​ ព្រមទាំង​វប្បធម៌​សាសនា​ប្រពៃណី​របស់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​ ដើម្បី​ឲ្យ​ពលករ​អាច​សម្រប​ខ្លួន​រស់នៅ ​និង​ធ្វើការ​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​បាន​។​

លោក​បាន​បន្ថែម​ទៀត​ថា​ កា​រ​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ឡើងវិញ​នេះ​ គឺមាន​ការ​ធានា​រ៉ាប់រង​សុខភាព ​និង​គ្រោះថ្នាក់​ការងារ ​ព្រមទាំង​ទទួលបាន​ប្រាក់​ឈ្នួល ​និង​លក្ខខណ្ឌ​ការងារ​ដូច​ប្រជា​ពល​រដ្ឋ​នៅ​ម៉ាឡេស៊ី​ដែរ​ ដោយសារ​តែ​សមាគម​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី​រួចមកហើយ ​ដើម្បី​ជួយ​គាំពារ​ដល់​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​។​

លោក​បាន​បញ្ជាក់ថា​ ទីភ្នាក់ងារ​ម៉ាឡេស៊ី​ដែល​សហការ​ជាមួយ​សមាគម​កម្ពុជា​នេះ​មាន​តួនាទី​ជួ​យ​សម្របសម្រួល​ដល់​ពលករ​ខ្មែរ​ពេល​បញ្ជូន​ទៅដល់​ម៉ាឡេស៊ី​ និង​ការពារ ​និង​ជួយ​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​នៅពេលដែល​ពលករ​ទូរស័ព្ទ​តាម​ប្រព័ន្ធ​ហត់​ឡាញ​ ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​បញ្ហា​អ្វីមួយ​។​
​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្លាប់បាន​លើកឡើងថា​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ការពារ និង​គាំពារ​សិទ្ធិ​ និង​ផលប្រយោជន៍​ដល់​ពលករ ពល​ការិនី​ខ្មែរ​ កំពុងធ្វើការ​នៅ​បរទេស ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សុវត្ថិភាព ​និង​មាន​លក្ខខណ្ឌ​ការងារ​ល្អ ដូច​ពលករ​ប្រទេស​គេ​ដែរ​។​

លោក​បាន​បន្តថា ​ជាក់ស្ដែង​មុន​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​នេះ​ កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ការពារ​ និង​ផ្តល់​សុខុមាលភាព​ជូន​ពលករ​ខ្មែរ​ ក្នុង​នោះ​រួមមាន​ការរៀបចំ​ការគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​ពលករ​ទេសន្តរប្រវេសក៍​កម្ពុជា ​និង​ទិន្នន័យ​របស់​និយោជក​ចាប់តាំងពី​ចុះឈ្មោះ​ ពេល​ចុះ​កិច្ចសន្យាការងារ រហូតដល់​ធ្វើ​មាតុភូមិនិវត្តន៍​។

​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ និង​ផ្ដល់​ទូរស័ព្ទដៃ​សម្រាប់​ទំនាក់ទំនង​ជាមួយ​ម្ចាស់ផ្ទះ ​និង​ក្រុម​គ្រួសារ ​ក៏​ដូចជា​មន្ត្រី​មាន​សមត្ថកិច្ច​កម្ពុជា ​និង​មាន​ធានារ៉ាប់រង គ្រោះថ្នាក់​ការងារ និង​ធានារ៉ាប់រង​សុខភាព ដល់​ពលករ​-​ពល​ការិនី មុនពេល​ចាប់ផ្ដើម​ការងារ​ជាដើម​។

សូម​រំលឹកថា​ កាលពី ​ឆ្នាំ​២០១១ កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ បានដាក់​បម្រាម​បញ្ជូន​ពលករ​ពិសេស​ស្ត្រី​ធ្វើការ​តាម​ផ្ទះ​ទៅធ្វើ​ការ​ប្រទេស​ម៉ាឡេស៊ី ​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ជា​បន្តបន្ទាប់​រឿង​ពលករ​ខ្មែរ​ត្រូវបាន​រង​នូវ​ការធ្វើ​បាប ​ឬ​ជួញដូរ​កម្លាំង​ពលកម្ម​។​

លោក អន ប៊ុន​ហាក់ ​បាន​ឲ្យ​ដឹង​ទៀតថា ​បច្ចុប្បន្ននេះ​ មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ចំនួន​១០៣​ក្រុមហ៊ុន​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu