Ad Code

អភិបាល​ស្រុក​កូន​មុំ​ បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​បាកុង​៤​គ្រឿង​ ដឹក​គ្រឿងចក្រ​កែច្នៃ​ឈើ​ បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ



រតនគិរី ​៖​ រថយន្ត​បា​កុង​៤​គ្រឿង​បើក​ចេញពី​ភូមិសាស្ត្រ​នៃ​ខេត្ត​ស្ទឹងត្រែង​បាន​ឆ្លងកាត់​ស្រុក​កូន​មុំ​និង​ស្រុក​លំផាត់ ខេត្ត​រតនគិរី​ ឆ្ពោះ​មក​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌលគិរី ដែល​រថយន្ត​បា​កុង​ទាំង​៤​គ្រឿង​នោះ ​បាន​ដឹកជញ្ជូន​សម្ភារៈ​កែច្នៃ​មួយ​ចំនួន ដូចជា រណា​យន្ត​កែច្នៃ ម៉ាស៊ីន​ត្រង់​ស៊ីន័រ​ជាច្រើន​គ្រឿង​សម្រាប់​កាប់​ផ្ដួល​ឈើ​ផង​ដែរ។

ការ​ឃាត់​រថយន្ត​បា​កុង​ខាង​លើ​នេះ​ ធ្វើឡើង​នៅ​វេលា​ ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​ នៅ​ត្រង់​ចំណុច​ភូមិ​តាអងកាតែ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្ត​រតនគិរី។



សមត្ថកិច្ច​ ដែល​ចុះ​ឃាត់​បា​កុង​ខាងលើ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​ដឹកនាំ​កម្លាំង​លោក សាយ ចម្រើន អភិបាលរង​ស្រុក​កូន​មុំ ឲ្យ​ចុះ​ឃាត់​បា​កុង​ចំនួន​៤​គ្រឿង​ដែល​បាន​ដឹក​សម្ភារៈ​កែច្នៃ​ឈើ​មួយ​ចំនួន​ធំ។

ប្រភព​បន្ត​ថា លោក​អភិបាលស្រុក​កូន​មុំ​បាន​រាយការណ៍​ទៅ​អភិបាលខេត្ត​ ដោយមាន​រថយន្ត​បា​កុង​៤​គ្រឿង​បើក​ឆ្លងកាត់​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​កូន​មុំ ហើយ​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​លោក​អភិបាលស្រុក​ឃាត់​រថយន្ត​បា​កុង​ខាង​លើ​នេះ​តែ​ម្ដង។



លោក​ថា ក្រោយពី​ឃាត់​រថយន្ត​បា​កុង​នេះ​មក ភ្លាមៗ​នោះ មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​ឲ្យ​ដោះលែង​ ប៉ុន្តែ​លោក​អភិបាលស្រុក​មិន​យល់ព្រម​នោះ​ឡើយ នេះ​ជា​បទបញ្ជា​ពី​លោក​អភិបាលខេត្ត។

លោក​សេក ហៃ អភិបាលស្រុក​កូន​មុំ​បាន​ឲ្យ​ កម្ពុ​ជាថ្មី ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ​នេះ​ថា រថយន្ត​បា​កុង​៤​គ្រឿង​នេះ ​លោក​ហ្នឹង​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី។

យ៉ាងណា​នោះ​នៅ​ពុំ​ទាន់​ដឹង​ពី​ម្ចាស់​រថយន្ត​បា​កុង​ទាំង​៤​គ្រឿង​នេះ​នៅឡើយ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu