ប្រដាល់ ៖ ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៥៧គីឡូក្រាមលើសង្វៀន TV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ជាការប្រកួតលើកចុងក្រោយ ក្នុងជម្រុះជុំទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី២ បន្តទៀត។
សម្រាប់ការប្រកួតជម្រុះលើកចុងក្រោយនេះ ជ័យ ប៊ុនសង់ អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ នឹងជួបប្រកួតជាមួយ ចាន់ គឹមលន់ អ្នកប្រដាល់ក្លិបនិរោធមានជ័យ។ រវាង ជ័យ ប៊ុនសង់ និង ចាន់ គឹមលន់នេះ ពួកគេមិនធ្លាប់ជួបទេកន្លងមក។ ដូច្នេះ ជាការជួបគ្នាលើកទី១ សម្រាប់អ្នកប្រដាល់ទាំងពីរនាក់នេះ។ ប៊ុន សង់ ជាអ្នកប្រដាល់ចាស់វស្សា ឯ គឹម លន់ ជាអ្នកប្រដាល់ស្រករក្រោយ។
ទោះជាយ៉ាងណា សម្រាប់ការជួបគ្នារវាង ជ័យ ប៊ុនសង់ និង ចាន់ គឹមលន់ នេះ សូម្បីតែក្រុមអ្នកវិភាគប្រដាល់ ក៏មិនហ៊ានអះអាងថា អ្នកណាឈ្នះ អ្នកណាចាញ់ដែរ ព្រោះ គឹមលន់ គេក៏វាយខ្លាំងដែរ។ តែយ៉ាងណា ជ័យ ប៊ុនសង់ មានផ្លែកណ្ដាប់ដៃ និងជើងទាត់ ល្អ ហើយថែមទាំងមានចិត្តប្រដាល់ធំថែមទៀត។ ចាំមើល តើ ជ័យ ប៊ុនសង់ អាចឈ្នះ ចាន់ គឹមលន់ បានឬអត់?។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង ផាន ផាត់យុទ្ធ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា និង ជ័យ សុផល អ្នកប្រដាល់ក្លិបកុហារព្រហ្មជ័យខេត្តសៀមរាប។ ផាន ផាត់យុទ្ធ ជាអ្នកប្រដាល់ជើងចាស់ ឯ ជ័យ សុផល ក៏ជាអ្នកប្រដាល់ជើងចាស់ដែរ។ ពីរនាក់នេះ ពុំធ្លាប់ប៉ះគ្នាទេកន្លងមក។
សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថានរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ? តែយ៉ាងណា ផាន ផាត់យុទ្ធ គេមានកលល្បិច និងបទពិសោធន៍លើរេញច្រើនជាងជ័យ សុផល។ ប៉ុន្តែ ផាត់យុទ្ធ ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាលចំពោះ ជ័យ សុផល បានដែរ ព្រោះ សុផល នេះ គេថ្វីត្បិតតែពុំមានស្នៀតប្រដាល់សំបូរបែប តែគេវាយខ្លាំង និងល្អដែរ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ។ ចាំមើល រវាង ផាន ផាត់យុទ្ធ និង ជ័យ សុផល តើនរណានៅ នរណាដើរចេញពីការប្រកួតនេះ?។ គួរបញ្ជាក់ថា ការប្រកួតក្នុងដំណាក់ទី១នេះ ប្រកួតតែបីទឹកទេ ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់ជើងឯកTV5 Knock Out Series ទម្ងន់៥៧គីឡូនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ ចូលរួម ហើយចែកចេញជា ៤ជុំ និងមានរូបមន្តប្រកួត គឺជម្រុះទី១ ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ជុំទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយជុំទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និង ជុំទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។
ចំណែក ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ពួកគេទាំងពីរជាអ្នកប្រដាល់ជើងចាស់ដូចគ្នា ប៉ុន្តែមិនដែលប៉ះគ្នាទេកន្លងមក។ ចាំមើល រវាង ណាម ម៉ូរ៉ាក់ និង សុខ សុវណ្ណតើនរណាឈ្នះ?។
គួរបញ្ជាក់ថា ក្នុងការប្រកួតចម្រាញ់៧លើកកន្លងមកនេះ គេរកឃើញអ្នកប្រដាល់ខ្លាំងបានចំនួន១៤រូបហើយ គឺ ឆាយ មាស ក្លិបសំរោងកោងខេត្តបាត់ដំបង, បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក , អេ រដ្ឋា ក្លិបអេភូថងកីឡា ,វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់, សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ , សេក គឹមសាន្ត ក្លិបអង្គរមានជ័យខេត្តសៀមរាប , ធន់ អៀងឡៃ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ,យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ,សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ,ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ , រឿន សុខលី ក្លិបការិយាល័យទី៥កងទ័ពជើងគោក ,គួន ប៊ុនហ៊ីម ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង និង ជា ចំរើន ក្លិបកងចក្រភ្នំតូច៕
Source: Kampuchea Thmey Daily
0 Comments