ភ្នំពេញ ៖ តាមការសង្កេតឃើញរបស់មហាជនរស់នៅក្នុងរាជធានីភ្នំពេញបាននិយាយថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពេលចុះបំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ និងប្រមុខថ្នាក់ដឹកនាំសព្វថ្ងៃនេះ គឺជាគំរូល្អរបស់មន្ត្រីសមត្ថកិច្ច ដែលគោរពច្បាប់ចរាចរណ៍បានល្អណាស់ និងដាស់តឿនដល់អ្នកដែលមិនគោរពច្បាប់សូមភ្ញាក់រឭកឡើង។
តាមប្រភពពី លោក អ៊ុន សំអាន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានឲ្យកម្ពុជាថ្មីដឹងថា ជារៀងរាល់ថ្ងៃ លោកតែងសង្កេតឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញពេលចុះបំពេញភារកិច្ចការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ មានឯកសណ្ឋានស្រស់សង្ហាស្បែកជើងរលោងស្រិល ហើយមានពាក់មួកការពារសុវត្ថិភាពគ្រប់ៗគ្នា មើលទៅគួរឲ្យស្ងើចសរសើរ។
ចំពោះម៉ូតូទៀតសោត គឺមានដាក់កញ្ចក់មើលក្រោម និងពាក់ស្លាកលេខត្រឹមត្រូវ ដោយមានការត្រួតពិនិត្យច្បាស់លាស់ពីមេបញ្ជាការមុនពេលធ្វើដំណើរទៅបំពេញបេសកកម្ម។
ប្រជាពលរដ្ឋ ក៏ដូចជាមហាជនបាននិយាយថា នេះគឺជាគំរូល្អដែលធ្វើឲ្យអ្នកដំណើរមួយចំនួនដែលមិនពាក់មួកការពារសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ និងមិនពាក់ស្លាកលេខលើម៉ូតូរបស់ខ្លួន គួរយកគំរូតាមកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញផង។
ច្បាប់ចរាចរណ៍ ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ ហើយ សមត្ថកិច្ចក៏កំពុងអនុវត្តរាល់ថ្ងៃនេះ ប៉ុន្តែអ្នកដំណើរមួយចំនួននៅតែចចេសរឹងរូស ដោយអ្នកខ្លះមើលស្រាលទៅដល់កម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តតាមដងផ្លូវ។
អ្នកដំណើរមួយចំនួន បែរជានិយាយចំអកមកអ្នកធ្វើដំណើរដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ថា ជាមនុស្សអន់ទៅវិញ។
មហាជន បានសំណូមពរដល់អ្នកច្បាប់ គួរតែបង្កើតច្បាប់ថ្មីដល់អ្នកបើកបរដែលមិនគោរពច្បាប់គួរតែដកហូតប័ណ្ណបើកបរ ឬអ្នកបើកបរម៉ូតូ គួរដកហូតម៉ូតូយកទៅរក្សាទុកឲ្យបានយូរ ពេលណាល្អពេលហ្នឹងនោះ ទើបមនុស្សមួយចំនួនដែលមិនគោរពច្បាប់អាចងាកមកចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងកើតឡើងរាល់ថ្ងៃ គួរឲ្យភ័យខ្លាចណាស់៕
Source: Kampuchea Thmey Daily
0 Comments