ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានការលើកឡើងថា ការអនុវត្តនូវគោលនយោបាយការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យសាសនិក នៃសាសនានីមួយៗ នៅកម្ពុជា កាន់តែខិតចូលជិតគ្នា រវាងគម្លាតទាំងឡាយដែលមាននៅក្នុងផ្ទៃ ក្នុងនៃការប្រតិបត្តិ តាមឱវាទជំនឿសាសនានីមួយៗ និងកាន់តែបានផ្សារភ្ជាប់គ្នាជាមួយការគោរព ដើរតាមមាគ៌ា នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្ដេចបានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខណៈសម្ដេច បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកអង្គសិក្ខាសាលាសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»។
ក្នុងពិធីនេះ ក៏មានការចូលរួមពី ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ថ្នាក់ដឹកនាំសាសនា លោក លោកស្រី សីលវ័ន្ដ សីលវតី និងបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនិក នៃគ្រប់និកាយសាសនានៅកម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅ សាលសន្និសីទចតុមុខ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានលើកឡើងថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើង ដើម្បីជជែកពិភាក្សាគ្នា ផ្លាស់គំនិតប្ដូរយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍សាសនានីមួយៗ ជៀសផុតពីគ្រឿងញៀន និងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នានាក្នុងសង្គមកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការរីកចម្រើនជឿនលឿនសម្រាប់សង្គមជាតិខ្មែរទាំងមូល។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដោយធ្វើការកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំអង្គសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តិយស និងកិត្យានុភាពនៃសុខដុមនីយកម្មសាសនានៅកម្ពុជា ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសេរីភាពនៃជំនឿសាសនារបស់ប្រជាពលរដ្ឋលើឆាកជាតិ និងអន្តរជាតិ។
សម្ដេច ស ខេង ក៏បានសង្កត់ធ្ងន់ដោយសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលា នឹងផ្ដល់ឱកាសសម្រាប់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជាប្រយោជន៍ដើម្បីប្រមូលផ្ដុំនូវគំនិត បញ្ញាញាណ និងវិធានការដ៏ម៉ត់ចត់ និងសមស្របតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទួយសុខដុមនីយកម្ម ក្នុងវិស័យសាសនានៅកម្ពុជា។
សូមជម្រាបថា សិក្ខាសាលាសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា នៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» នេះនឹងត្រូវបិទនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕
Source: Kampuchea Thmey Daily
0 Comments