Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពីបទ​លួច​ និង​លក់​សាច់​ពិសេស​



កំពង់ចាម ៖ ជនសង្ស័យ​ចំនួន​២​នាក់​ មាន​មុខរបរ​ពិសេស ដែល​ដើរ​បំពុល​ និង​វាយ​ឆ្កែ ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា ដោយ​យោង​តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​១០ ​ខែធ្នូ ​ឆ្នាំ​២០១៨ វេលា​ម៉ោង​១០និង​៣០​នាទី សមត្ថកិច្ច​នគរបាល បាន​ទទួល​ពាក្យបណ្ដឹង​ពី ​ឈ្មោះ ហ៊ួ​រ ង៉ូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ប្តឹង​ថា​នៅ​វេលា​ម៉ោង​០៨​និង៣០​នាទី មានឈ្មោះ ស៊ុន សុខ​ឡេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់​ចាម បានធ្វើ​សកម្មភាព​លួច​វាយ​ឆ្កែ​នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់គាត់។

ប៉ូលិស​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​បណ្តឹង​ខាងលើនេះ​ភ្លាម ​កម្លាំង​សមត្ថកិច្ច​ជំនាញ សហការ​ជា​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រក បាន​ចាត់វិធានការ​ជាបន្ទាន់​ចុះ​ដល់ទី​កន្លែងកើតហេតុ ធ្វើការ​ស្រាវ​ជ្រាវ​ស៊ើប​ និង​ហៅ​ ឈ្មោះ ស៊ុន សុខ​ឡេង ហៅ​យួន មក​សាកសួរ។​

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​១០​ធ្នូ វេលា​ម៉ោង៨​និង​៣០​នាទី ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​វាយ​ឆ្កែ​របស់ ​ឈ្មោះ សុន សាម បំណង​យក​ទៅ​លក់​ពិត​ប្រាក​មែន។​

ជនសង្ស័យ​បាន​សារភាព​បន្តថា ​នៅ​ថ្ងៃទី​០៨​ ខែ​ធ្នូ​ ២០១៨ វេលា​ម៉ោង​០៨​ព្រឹក ខ្លួន​ និង ឈ្មោះ​ស្រស់ ស្រង់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ជាមួយគ្នា បាន​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ បាន​ចំនួន​០១​ក្បាល​ នៅ​ចំណុច​លើ​ភ្នំ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ យក​ទៅ​លក់​នៅ​ស្រុក​ស្ទឹងត្រង់ បាន​តម្លៃ​៨០.០០០​រៀល​។​

ជនសង្ស័យ​បន្តថា កន្លងមក​ធ្លាប់ធ្វើ​សកម្មភាព​លួច​ទាក់​ឆ្កែ និង​បំពុល​ឆ្កែ ជាមួយ​ ១.ឈ្មោះ ស្រស់ ស្រង់ ,២.​ឈ្មោះ ស្រី ហៅ​ចាម ភេទ​ប្រុស ​អាយុ២៨​ឆ្នាំ ជាតិខ្មែរ ,៣.​ឈ្មោះ ឃីម ភេទ​ប្រុស ឆ្នាំ​២៩​ឆ្នាំ ជាតិខ្មែរ ,៤.​ឈ្មោះ ធី ធូ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយគ្នា ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់សៀម ជាច្រើនលើក ហើយ​ពេល​លួច​បាន ​គឺ​យកទៅលក់​នៅ​ភូមិ​សូ​ភា​សន៍ ឃុំ​សូ​ភាស​ន៍ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។​

ប៉ូលិស​បាន​បន្តថា សមត្ថកិច្ច បាន​ស្រាវជ្រាវ​រហូតដល់​ម៉ោង​១៧និង​៣០​នាទី ទើប​ឃាត់ខ្លួន​ជន​សង្ស័យ ​ឈ្មោះ ស្រស់ គឹម​ស្រង់ មាន​ទីលំនៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​ករណី​លួច​បំពុល​ឆ្កែ កាលពី​ថ្ងៃទី​៩​ធ្នូ វេលា​ម៉ោង​០២​និង​៣០​នាទី នៅ​ចំណុច​លើ​ភ្នំ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជាមួយ​ ឈ្មោះ ស៊ុន សុខ​ឡេង​ ហៅ​យួន នៅ​ភូមិ​-​ឃុំ​ជា​មួយគ្នា​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងពីរ​នាក់​ បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​តាម​បញ្ជា​ លោក ហួត វុទ្ធី ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​សួរនាំ​រៀបចំ ឯកសារ និង​សំណុំរឿង​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu