Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៤ នៅ​ទីក្រុង​ហ្សា​ការ​តា



ភ្នំពេញ ​៖ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៤ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ជាមួយ​លោកជំទាវ រ៉េត​ណូ ម៉ារ​ស៊ូ​ឌី (Retno L.P. Marsudi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការ​តា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំគណៈកម្មការ​ចម្រុះ​លើក​ទី​៤ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ដែល​អនុវត្ត​ដោយ​ប្រទេស​ទាំងពីរ​។ លើសពីនេះទៅទៀត កិច្ចប្រជុំ នឹង​រិះរក​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​សក្តានុពល​សម្រាប់​ផលប្រយោជន៍​រួមគ្នា និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែមទៀត​នូវ​ចំណង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​បាន​លើកកម្ពស់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​នេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹង​ចុះហត្ថលេខា លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៤ ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu