តាកែវ ៖ នាឱកាសចុះ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកធម្មវិន័យវត្តថ្មី ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២ធ្នូ លោកស៊ិន វុទ្ធី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ណែនាំបន្ថែមដល់លោកប្រធានមន្ទីរ ឲ្យបន្តចុះតាមដានការដាំដុះរបស់កសិករ ពោលគឺចាប់ពីការភ្ជួររាស់ សាបព្រោះ រហូតដល់ប្រមូលផល។
ក្រសួងបានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកធម្មវិន័យវត្តថ្មី ត្រូវបានសាងសង់ឡើងវិញរួចរាល់ជាស្ថាពរ នៅក្នុងឆ្នាំ ២០១៦។ ក្រោយសាងសង់រួច ប្រព័ន្ធនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ពិសេសគឺការផ្គត់ផ្គង់ទឹកដល់ការងារបង្កបង្កើនស្រូវនៅរដូវប្រាំង។ ផ្ទៃដីស្រោចស្រពនៅក្នុងប្រព័ន្ធនេះ មានប្រមាណ ២.២០០ ហិកតា ( អាចធ្វើបាន ០២ ដង )។
បើតាមលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា ប្រជាកសិករបានចាប់ផ្តើមដាំដុះស្រូវនៅក្នុងប្រព័ន្ធនេះ តាំងពីពាក់កណ្តាលខែតុលា ម្ល៉េះ ដែលមកដល់ពេលនេះសម្រេចបានចំនួន ២.២០០ ហិកតា ហើយ ពោលគឺពុំមានផ្ទៃដីទុកទំនេរចោលនោះទេ។ លោកបន្តថា ពេលនេះស្រូវក៏ពេញស្រែ ហើយដាំបានជាងមួយខែទៀត ឯទឹកក៏នៅសល់ច្រើន ស្ថានភាពនេះ គឺមានលក្ខណៈល្អប្រសើរណាស់ សម្រាប់ការងារបង្កបង្កើនផលនៅតំបន់នេះ។
លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដែលបានយកចិត្តទុកដាក់ចុះតាមដានជាប្រចាំនូវស្ថានភាពទឹក ក៏ដូចជាការងារបង្កបង្កើនផលរបស់កសិករ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់លោករដ្ឋមន្ត្រី ដែលបានដាក់ចេញជាបន្តបន្ទាប់ចាប់តាំងពីដើមរដូវវស្សា នោះគឺការចែកចាយ និងថែរក្សាទឹកទុក ដែលជាលទ្ធផលមកដល់ពេលនេះ ធ្វើឲ្យយើងមានទឹកគ្រប់គ្រាន់សម្រាប់ផ្គង់ផ្គង់ឲ្យការផលិតស្រូវប្រាំងទៅតាមផែនការកំណត់។
ជាមួយគ្នានោះ លោក រដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ ឲ្យបន្តចុះតាមដានការដាំដុះរបស់កសិករ ពោលគឺចាប់ពីការភ្ជួររាស់ សាបព្រោះ រហូតដល់ប្រមូលផល ធ្វើយ៉ាងណាធានានូវទិន្នផលដែលទទួលបានល្អប្រសើរ៕
Source: Kampuchea Thmey Daily
0 Comments