ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះបញ្ហាធំបំផុតនៅពេលដែលបណ្តាញព័ត៌មានសង្គមមានការវាយលុកខ្លាំង ការងារវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព គឺសុទ្ធតែប្រឈមនឹងសភាពការណ៍ថ្មីនេះ ដែលយើងទាំងអស់គ្នាត្រូវតែរៀបចំកម្មវិធីដោះស្រាយ។ ជាមួយនេះប្រព័ន្ធវិទ្យុត្រូវប្រឹងប្រែងផ្សាយព័ត៌មានបញ្ជាក់អំពីការប្រឈម ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពីការពិតកុំឲ្យមានការយល់ច្រឡំ។
ក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ អគារវិទ្យុ FMជាតិ 96MHz ដែលមានទីតាំងនៅក្នុងក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៣ ខែធ្នូនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះបញ្ហាធំបំផុតនៅពេលដែលបណ្តាញព័ត៌មានសង្គមមានការវាយលុកខ្លាំង ការងារវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព គឺសុទ្ធតែប្រឈមនឹងសភាពការណ៍ថ្មីនេះ ដែលយើងទាំងអស់គ្នាត្រូវតែរៀបចំកម្មវិធីដោះស្រាយ។ លោករដ្ឋមន្ត្រីបានរម្លឹកថា បញ្ហាប្រឈមនេះប្រព័ន្ធវិទ្យុរបស់យើងក៏ត្រូវប្រឹងប្រែងផ្សាយព័ត៌មានបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីការពិតកុំឲ្យមានការយល់ច្រឡំ។ ឧទាហរណ៍ដូចបញ្ហាកំពង់សោម ខេត្តព្រះសីហនុ មានបញ្ហាប្រឈមកើតឡើង ដោយសារជនជាតិចិនបង្កភាពរញ៉េរញ៉ៃធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំពីបញ្ហាជនជាតិចិននៅកម្ពុជា ដែលទាមទារឲ្យខាងប្រព័ន្ធវិទ្យុរបស់យើងត្រូវប្រឹងប្រែងផ្សាយព័ត៌មានបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងការពិតនៅក្រុងព្រះសីហនុ កុំឲ្យមានការយល់ច្រឡំ ដោយបកស្រាយពន្យល់ឲ្យបានច្បាស់លាស់ពីដំណើរទេសចរណ៍របស់ជនជាតិចិននៅកម្ពុជា ពីការខិតខំដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន ពីការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាល ពិសេសពីក្រសួងទេសចរណ៍ជាដើម។
លោក តូចសារ៉េត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកវិទ្យុ FMជាតិ 96MHz និង វិទ្យុFMជាតិថ្លែងថា អគារនិងអង់តែនបំពាក់ស្ថានីយនេះ បានរៀបចំបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ ក្នុងដំណើរការសាងសង់អគារកម្ពស់ ៥ជាន់ ដែលមានបណ្តោយ ២២ម៉ែត្រ ទទឹង ១១ម៉ែត្រ កំពស់ ៧៣ម៉ែត្រនេះ ត្រូវបានបែងចែកជា១៧បន្ទប់ ក្នុងនោះមានបន្ទប់បុគ្គលិកធ្វើការ បន្ទប់ស្ទុឌីយោ សាលប្រជុំ បន្ទប់អនាម័យគ្រប់ជាន់ និងបំពាក់បរិក្ខារការិយាល័យ រួមមាន កុំព្យូទ័រ ព្រីនធ័រ ហ្វូតូកូពី ទូរទឹកកក ម៉ាស៊ីនត្រជាក់ ប្រព័ន្ធកាម៉េរាសុវត្ថិភាព។ល។ ដោយក្រុមហ៊ុនសំណង់ ភីស៊ីអេសស៊ី ដែលចំណាយពេលសាងសង់ចំនួន ១១ខែ ១៥ថ្ងៃ ប្រកបដោយគុណភាព និងស្របតាមស្តង់ដារបច្ចេកទេសសំណង់។
លោកបានបញ្ជាក់ថា អស់រយៈកាលជិតមួយឆ្នាំកន្លងមកនេះ ស្ថានីយវិទ្យុFMជាតិ៩៦MHz នៅទីតាំងថ្មីបានអភិវឌ្ឍសកម្មភាពការងារ ក៏ដូចជាការផលិតកម្មវិធីផ្សាយថ្មីៗ របស់ខ្លួនបន្ថែមទៀតស្របតាមទិសដៅ និងទិសស្លោករបស់ក្រសួងព័ត៌មាន ហើយក៏ជាលទ្ធផលថ្មីមួយ ដែលយើងសម្រេចជាផ្លែផ្កាមានដូចជា កម្មវិធីផ្សាយជាទូទៅរបស់ស្ថានីយវិទ្យុ FMជាតិ ៩៦ ភាគច្រើនផ្តោតទៅលើយុវជន និងវិស័យទេសចរណ៍ ការអប់រំលើកកម្ពស់យល់ដឹងជាសាធារណៈអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាចរាចរណ៍សុខសុវត្ថភាពសង្គម អប់រំសិក្សាធិការ សិល្បៈវប្បធម៌ប្រពៃណី នាទីសុខាភិបាល កសិកម្ម ព័ត៌មានជាភាសាអង់គ្លេស វៀតណាម ចិន និងចាម។ល។
ក្រៅពីការផ្សាយតាមរលកហ្វ្រេកង់វិទ្យុ យើងក៏មានការផ្សាយតាមរយៈ Appsរបស់ក្រសួងព័ត៌មាន និងតាមរយៈ DTV បានជំរុញឲ្យស្ថានីយវិទ្យុFMជាតិតាមបណ្តាខេត្តមួយចំនួនភ្ជាប់ទទួលផ្សាយបន្តនូវព័ត៌មាន និងកម្មវិធីមួយចំនួនផងដែរ។ ជាមួយនេះក្រុមការងារស្ថានីយវិទ្យុFMជាតិ៩៦ បានបញ្ជូនកម្មវិធីស្តីពីពិធីបុណ្យជាតិធំៗ និងប្រសាសន៍ទាំងស្រុងសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលតាម Telegram ទៅគ្រប់ស្ថានីយវិទ្យុជាតិខេត្ត-ក្រុង ទទួលផ្សាយបានទាន់ពេលវេលា ស្របតាមយុទ្ធសាស្ត្រ និងអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈ«វិធីបណ្តាក់ខ្យង»។
តាមការលើកឡើងរបស់លោក តូចសារ៉េត ប្រតិភូរាជរដ្ឋាភិបាលបានឲ្យដឹងដែរថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៨នេះ ក្រសួងបានសម្រេចរៀបចំស្ថានីយវិទ្យុជាតិFMជាតិ ដល់បណ្តាខេត្តចំនួន ២២ខេត្ត និងសហការជាមួយក្រុមបច្ចេកទេសវៀតណាមដំឡើងម៉ាស៊ីនផ្សាយទូរទស្សន៍កំលាំង ៥KW ដល់ខេត្តចំនួន ៥ទៀត៕
Source: Kampuchea Thmey Daily
0 Comments