Ad Code

ជម្លោះ​រឿង​ដណ្ដើម​កន្លែង​ចត​ឡាន​ ភាគី​យោធា​ព្រួត​វាយ​អ្នករត់​តាក់​ស៊ី​ក្បែរ​សន្លប់​ពេល​នាំមក​ដ​ល់​ប៉ុស្ដិ៍​បាញ់​មេ​ប៉ុស្ដិ៍​២​គ្រាប់​ទៀត



ភ្នំពេញ ៖ ជម្លោះ​រឿង​ដណ្ដើម​កន្លែ​ង​ចត​រថយន្ត​តាម​ចិញ្ចើម​ផ្លូវ​ទីសាធារណៈ ភាគី​ម្ខាង​ដោយ​អាង​ខ្លួន​ជា​យោធា​មាន​អាវុធ​ខ្លី​ជាប់​នៅ​នឹង​ខ្លួន​បាន​នាំ​គ្នា​ព្រួត​វាយ​ទៅលើ​ភាគី​រងគ្រោះ​បណ្ដាល​ឲ្យ​ប៊ិះ​សន្លប់ ហើយ​នៅពេល​សមត្ថកិច្ច​ហៅ​នាំមក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្ដិ៍​និយាយ​គ្នា​មិនទាន់​ដឹង​ស ខ្មៅ​ផង​ភាគី​មន្ដ្រី​យោធា​បាន​ដក​កាំភ្លើង​ចេញពី​ហោប៉ៅ​ខោ​បាញ់​សំដៅ​មេ​ប៉ុស្ដិ៍​ចំនួន​ពីរ​គ្រាប់​តែ​សំណាងល្អ​គ្រាប់​មិន​ផ្ទុះ បើសិនជា​ផ្ទុះ​វិញ​នោះ​មិន​ដឹង​ថា ​វាសនា​លោកនាយ​ប៉ុស្ដិ៍​ទៅជា​យ៉ាងណា​ឡើយ ដែល​ករណីនេះ​បាន​កើត​ឡើង កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១ ​ខែធ្នូ ​ឆ្នាំ​២០១៨ ​នៅ​ផ្លូវ​បេតុង​ចូល​វិមាន​សព ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



មន្ត្រី​យោធា​ដៃដល់ ឈ្មោះ គឹម ពេជ្រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ស្នាក់នៅ​ភូមិ​ព្រៃទា​៣ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នក​បើករថយន្ត Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-4485 ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​កាំភ្លើង​ខ្លី​ម៉ាក រ៉ូឡូ មួយ​ដើម ទី​២.​ឈ្មោះ សួន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​ភូមិ​ព្រៃទា​៣ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន។ ចំណែក​អ្នក​រងរបួស .​ឈ្មោះ ឆន នា​វៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​ភូមិ​ត្រាច​កោះ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ជា​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3390 រង​របួស​ពោរ​មុខ និង​បែកក្បាល បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ចំណែក​លោកនាយ​ប៉ុស្ដិ៍​ឈ្មោះ ភា ប្រុស ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​ចំការឪឡឹក​២​សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សាក្សី​បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​សាំ​យ៉ុង ពណ៌​ស្លែ​ស្លាក​លេខ ភ្នំពេញ 2U-3390 ដឹក​ជនជាតិ​ចិន មាន​ស្រី​មាន​ប្រុស​ជាង​១០​នាក់ មក​ចូល​ហាង​មួយ​នៅ ក្បែរ​កន្លែងកើតហេតុ ហើយ​ពេល​ភ្ញៀវ​ចុះ​អស់​គាត់​ក៏បាន​បើករថយន្ត​ទៅ​ចត​នៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​។ ពេលនោះ​ស្រាប់តែ​ជនដៃដល់​បាន​បើករថយន្ត​ម៉ាក Highlander​របស់ខ្លួន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-4485 មក​ដែរ ហើយ​ប្រាប់​ទៅ​អ្នកបើករថយន្ត​សាំ​យ៉ុង ឲ្យ​ថយក្រោយ​បន្តិច ព្រោះ​កន្លែង​ដែល​ចត​នេះ ជា​ចំណត​គាត់​យូរ​ឆ្នាំ​ហើយ​មិនអាច​អ្នកណា​ថ្លើមធំ​ហ៊ាន​មក​ចត​ផ្ដេ​ផ្ដាស​ទេ​។



ប្រភព​បន្ដ​ថា បន្តិចក្រោយមក ស្រាប់តែ​ឃើញ​បុរស​ទាំង​២​នាក់​ប៉ះ​សម្ដី​គ្នា​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា ហើយ​អ្នក​រត់​កង់​បី​ម្នាក់ ដែល​ស្គាល់​បុរស​បើករថយន្ត Highlander ឃើញ​វាយ​គ្នា​ចឹ​ង បាន​ចូល​ទៅ​ព្រួត​ជួយ​វាយ​ថែម បណ្តាល​ឲ្យ​អ្នកបើករថយន្ត​សាំ​យ៉ុង របួស​ប៉ោង​មុខ​និង​បែកក្បាល​យ៉ាងដំណំ​ស្ទើរ​សន្លប់ ។

សាក្សី​បាន​បន្តថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ករណី​ហិង្សា​ខាងលើ សមត្ថកិច្ច​ប៉ុស្ដិ៍​កា​កាប​២ បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ដោយ​ហៅ​នាំ​យក​ភាគី​ទាំងពីរ​មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្ដិ៍ ពេល​ភាគី​ទាំងពីរ​ជជែក​គ្នា​មិនទាន់​ត្រូវ​គ្នា​ផង ដោយ​ឃើញ​សភាព​របស់​អ្នក​បើករថយន្ត​សាំ​យ៉ុង មិនសូវ​ស្រួល​ព្រោះ​រក​កល​ចង់​ក្អួតចង្អោរ និង​មានការ​ស្នើសុំ​ពី​គ្រួសារ​ផង ទើប​ប៉ូលិស​អនុញ្ញាត​ឲ្យ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​សិន។ ​ប៉ុន្តែ ភាគី​ម្ខាង លោក​យោធា​មិន​សុខចិត្ត ក៏បាន​ដក​កាំភ្លើង​ខ្លីម៉ាក រ៉ូឡូ ចេញពី​ក្នុង​ហោប៉ៅ​ខោ​មក​គំរាម​អ្នកបើករថយន្ត​សាំ​យ៉ុង និង​សមត្ថកិច្ច ដោយ​បាន​កេះកៃ​បាញ់​សំដៅ​មេ​ប៉ុស្ដិ៍​២​ដង តែ​បាញ់​មិន​ផ្ទុះ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​កាំភ្លើង​យក​ទៅ​រក្សាទុក ពេល​ឆែក​មើលឃើញ​គ្រាប់​៦​គ្រាប់​ក្នុងនោះ​មាន​ស្នាម​ចុច​កិប​ចំនួន​ពីរ​គ្រាប់​តែ​មិន​ផ្ទុះ និង​ឃាត់ខ្លួន​ទាំង​២ បញ្ជូនទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu