Ad Code

តុលាការ ​រឹបអូស​គ្រឿងញៀន​ជាង​១០​គីឡូក្រាម​ពី​ជនជាតិ​ចិន​២​នាក់



ភ្នំពេញ ​៖​ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់ ​ប្រមាណ​១០​គីឡូក្រាម ​និង​៤០​ក្រាម ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្នះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​រឹបអូស​ពី​ជនជាតិ​ចិន​២​នាក់​ ដែល​នាំចូល​មកពី​បរទេស​ធ្វើ​ចរាចរ​ក្នុង​កម្ពុជា។

ការ​រឹបអូស​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​នីតិវិធី​ជំនុំជម្រះ​មុន​អង្គសេចក្ដី​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​​ធ្នូ ឆ្នាំ​២០១៨​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ទាំង​២​នាក់។

ជនជាប់ចោទ​ទី​១​​.ឈ្មោះ Lin chin chai ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជនជាតិ​ចិនដីគោក។ ជនជាប់ចោទ​ទី​២​.ឈ្មោះ lai kuan yu ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន​តៃវ៉ាន់។ ពួកគេ​ទាំង​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​​ប៉ុស្តិ៍​ប្រៃសណីយ៍​កម្ពុជា ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ជាមួយ​នឹង​​​គ្រឿងញៀន​សរុប​១០០៤០​ក្រាម​ដែល​ផ្ញើ​ពី​ប្រទេស​អាល្លឺម៉ង់​មក​ឲ្យ​ឈ្មោះ​lai kuan yu នៅ​ប្រទេស​កម្ពុជា។

ក្នុង​សវនាការ​​មុន​អង្គសេចក្ដី​ ជនជាប់ចោទ​ទាំង​២​នាក់​ បាន​សារភាព​ថា ​ពួកគេ​មក​ប្រទេស​កម្ពុជា​ដើម្បី​បើក​ការ​រកស៊ី​ដោយ​នាំ​កាហ្វេ​មក​លក់។ ពេល​មក​ដល់​ដំបូង​ក្នុង​ឆ្នាំ​២០១៧​ ពួកគេ​បាន​ស្គាល់ឈ្មោះ ដា​នី​វ៉ា ជន​ជាត់​អាល្លឺម៉ង់ ហើយ​ក៏បាន​ទំនាក់ទំនង​គ្នា​ដើម្បី​ធ្វើ​ជំនួញ។ បន្ទាប់មក​ឈ្មោះ​ដា​នី​វ៉ា បាន​យក​លិខិតឆ្លងដែន​របស់ Lai kuan យកទៅ​បំពេញបែបបទ​ដើម្បី​ទទួល​អីវ៉ាន់​ដែល​ផ្ញើ​​មកពី​បរទេស។ លុះដល់​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ​ឈ្មោះ​ដា​នី​វ៉ា បាន​ឲ្យ​ពួកគេ​ទៅ​ទទួលយក​អីវាន់​ផ្ញើ​​មកពី​​អឺរ៉ុប​ ក៏​ស្រាប់តែ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​តែម្ដង។

សូម​បញ្ជាក់​ថា ​សវនាការ​មុន​អង្គសេចក្ដី​នេះ តុលាការ​សម្រេច​រឹបអូស​តែ​វត្ថុ​ចាប់​យក​តែប៉ុណ្ណោះ ដោយ​មិនទាន់​សម្រេច​កាត់ទោស និង​ផ្ដន្ទាទោស​ជនជាប់ចោទ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu